នាយឧត្តមនាវី ទៀ វិញ៖ ជំនាញសង្គ្រោះគ្រោះមហន្តរាយពិតជាមានសារៈសំខាន់ ដើម្បីធ្វើជាបង្អែករឹងមាំក្នុងការសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា


នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០១៩នេះ ពិតជាមានអត្ថន័យ និងសារៈសំខាន់ណាស់ ដើម្បីធ្វើជាបង្អែករឹងមាំ និងជាការត្រៀមបំរុងទុកជាមុនឱ្យបានម៉ត់ចត់ ដែលជាកត្តា សំរេចជោគជ័យ ដោយទទួលបានលទ្ធផលខ្ពស់នៅពេលចេញបំពេញភារកិច្ចសង្គ្រោះ ព្រមទាំងដើម្បីធានាដល់ការសង្គ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

នាយឧត្តមនាវី ទៀ វិញ បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះ គ្រោះមហន្តរាយឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ពិធីនេះក៏មានការចូលរួមពីឧត្តមនាវី ឧត្តមសេនីយ៍ មកពីស្ថាប័នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, នាយកដ្ឋានសុខាភិបាល រួមទាំងសិក្ខាកាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែ។

នាយឧត្តមនាវី ទៀ វិញ បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះសហគមន៍អន្តរជាតិ បានចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាអាទិភាពមួយខ្ពស់បំផុត ទោះបីស្ថានភាពគ្រោះមហន្តរាយ កើតឡើង បណ្តាលមកពីធម្មជាតិ មនុស្សបង្កឡើង និងគ្រោះថ្នាក់ដោយបច្ចេកទេសក្តី សុទ្ធតែបានបំផ្លាញជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។

ដោយពិនិត្យជារួមនៅលើពិភពលោក អាស្រ័យដោយបច្ចេកវិទ្យាមានការរីកចំរើនខ្លាំងក្លា និងឥតឈប់ឈរបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន នៃភពផែនដីទាំងមូល ជាហេតុធ្វើឱ្យមានបាតុភូត ធម្មជាតិកើតឡើងខុសប្រក្រតី ដូចជាតំបន់មួយចំនួនមានការកើនឡើងកំដៅខុសធម្មតា ភ្លៀងខ្លាំងខុសរដូវបង្កឱ្យជន់លិច រអិលបាក់ស្រុតដីគ្របសង្កត់ផ្ទះសម្បែង ធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

នាយឧត្តមនាវី ទៀ វិញ បានបញ្ជាក់ទៀតថា ស្របទៅនិងសភាពការណ៍ខាងលើនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញដល់គ្រប់ស្ថាប័នជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈប្រុងប្រៀបនូវឧបករណ៏សំភារៈ មធ្យោបាយ អាហារ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ការពារគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗកើតមានឡើងនៅកម្ពុជា។

ក្នុងនោះដែរ អង្គភាពកងទ័ពជើងទឹក ក្រៅពីភារកិច្ចការពារបូរណភាពដែនដី ដែនអាកាស ដែនទឹក ដែនកោះ ឆ្នេរលម្ហសមុទ្រ ការពារសន្តិសុខសុវត្ថិភាពសង្គម ទប់ស្កាត់បង្ក្រាបអំពើភេវរកម្ម និងបទល្មើសនានា ដែលបង្កអស្ថិរភាពសង្គម ក៏បានបំពេញភារកិច្ចក្នុងការហ្វឹកហ្វឺនជំនាញ ពិសេស ជំនាញបច្ចេកទេស និងបានត្រៀមលក្ខណៈប្រមូលផ្តុំកំលាំង សំភារៈ មធ្យោបាយសំរាប់ធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋបានរួចរាល់ផងដែរ។

លោកក៏បានបញ្ជាក់ទៀតថា ឆ្លងតាមរបាយការណ៍ហ្វឹកហ្វឺនបំប៉នជំនាញសង្ហោះគ្រោះមហន្តរាយរយៈពេល២ខែនេះ នាយនាវី នាយនាវីរង ជាសិក្ខាកាម ដែលបានបង្ហាញនូវសកម្មភាព និងវិធីសាស្រ្តមុខជំនាញ ក្នុងការជួយសង្គ្រោះនៅពេលនេះ បានបញ្ជាក់ឱ្យឃើញថា អស់លោក បានខិតខំសហការយ៉ាងយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនរហូតបានបញ្ចប់វគ្គនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយពង្រឹងនូវសមត្ថភាព និងបង្កើនកំរិតយល់ដឹងដល់បណ្តាយោធិន នៃកងទ័ពជើងទឹកទាំងមូល ក្នុងការឆ្លើយតបទៅនឹងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោកមេបញ្ជាការកងទ័ពជើងទឹក ក៏បានដាក់ចេញនូវវិធានការ ៦ចំណុច ដល់នាយនាវី នាយនាវីរង ជាសិក្ខាកាម ដែលមានដូចជា៖

*ទី១៖ គោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក។
*ទី២៖ ត្រូវយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងសភាពការណ៍ទូទៅឱ្យបានហ្មត់ចត់ ដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយបានទាន់ពេលវេលា។
*ទី៣៖ បន្តត្រៀមលក្ខណៈប្រមូលផ្តុំកំលាំង និងសំភារៈ មធ្យោបាយសំរាប់ធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយដោយទឹកជំនន់ និងគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។
*ទី៤៖ ត្រូវបង្កើនកិច្ចសហការឱ្យបានល្អរវាងថ្នាក់លើ និងថ្នាក់ក្រោមដោយមិនរើសអើង។
*ទី៥៖ ត្រូវបន្តអនុវត្តកិច្ចសហការគ្នាដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅពង្រឹងសាមគ្គីភាពជាតិ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់បទល្មើសនានា ដែលធ្វើឱ្យមានអស្ថេរភាពសង្គមជាតិ។
*ទី៦៖ ត្រូវបង្កើនវិធានការគ្រប់គ្រង និងថែរក្សាសំភារៈបច្ចេកទេសបរិក្ខាសឹកនានា គ្រឿងសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានត្រឹមត្រូវ និងតាមលក្ខណៈបច្ចេកទេស៕