ប្រធានក្រុមប្រឹក្សាខេត្តជួបសំណេះសំណាលជាមួយប្រជាការពារនៅឃុំកកោះ


នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកកោះ ស្រុកមោងឫស្សី បានអញ្ជើញជួបសំណេះសំណាល និង ចែកសម្លៀកបំពាក់ជូនកងកម្លាំងប្រជាការពារឃុំចំនួនទ ១០៨នាក់ នៅសាលាឃុំកកោះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងក្រុមប្រឹក្សាឃុំកកោះ កម្លាំងប្រជាការពារទាំងអស់សម្រាប់ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសមុនបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកកោះ ស្រុកមោងឫស្សីមានប្រសាសន៍ថា ដើម្បីចូលរួមការពារផលប្រយោជន៍ និងសន្តិសុខជាតិ ជូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាន យើងបានរស់នៅដោយសុខសប្បាយទាំងអស់គ្នាក្រុមការងារបាននាំយកសម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារ មកចែកជូននាពេលនេះ។ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងប្រជាការពារទាំងអស់ បន្ទាប់ពីបានបំពាក់ឯកសណ្ឋានហើយត្រូវចេះស្រឡាញ់គ្នា មានសាមគ្គីភាពផ្ទៃក្នុងល្អ ត្រូវសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីការងារសន្តិសុខ សុវត្ថិភាពរស់នៅដោយសុខសប្បាយបាន គ្រប់ៗគ្នា។

កម្លាំងប្រជាការពារដែលទើបបានទទួលឯកសណ្ឋានប្រជាការពារទាំងអស់ បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានក្រុមការងា រដែលបានគិតគូរដល់សុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយបញ្ហាប្រឈមនានា បានទាន់ពេលវេលារហូតមក។ ព្រមទាំងបានជួយអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើង។ ជាក់ស្តែងថ្ងៃនេះពួកយើងខ្ញុំបានទទួលឯកសណ្ឋានពាក់ សម្រាប់ប្រើប្រាស់ធ្វើការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសយើងទាំងអស់បាននាំគ្នាចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរឡើងផងដែរ៕