សាររបស់សម្ដេចតេជោ ធ្វើឲ្យអត្តពលិកតេក្វាន់ដូ ITF កម្ពុជា កាន់តែពុះពារដណ្ដើមមេដាយពិភពលោកជូនជាតិ


ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិប្រកបដោយសុវត្ថិភាព នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោយដណ្ដើមបានមេដាយ ៥គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ក្រុមជម្រើសជាតិ នៅប្រទេសប៊ុលហ្គារី កាលពីពេលថ្មីៗ ។

ក្រោយមកដល់មាតុភូមិវិញ ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ ដែលដណ្ដើមបានជយលាភី បានបញ្ជាក់ថា ភាពជោគជ័យលើកនេះ មិនត្រឹមតែកើតចេញពីការខិតខំប្រឹងប្រែងរបស់អត្តពលិកម្នាក់ៗ គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធនោះទេ ពិសេសគឺមានការរួមចំណែកដ៏សំខាន់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ ដែលបានបង្ហោះសារអបអរសាទរ និងជូនពរដល់អត្តពលិកកម្ពុជា ។

សូមរំឭកថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារក្រោយកីឡាករ ប៉ាល់ ជីវ័ន ឈ្នះមេដាយមាសថា «សូមអបអរសាទរដល់កីឡាករតេក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF Taekwon-Do World Championship 2019 នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី…។ នេះគឺជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ»។

លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានភ្ជាប់ជាមួយសារជូនពរថា «សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ ២០២៣»

លោក ផាន់ វណ្ណារ័ត្ន បានបញ្ជាក់ថា សាររបស់សម្ដេចនេះបានក្លាយជាកម្លាំងចិត្តមួយដ៏សំខាន់ ដើម្បីជំរុញអត្តពលិកគ្រប់រូប ។ លោកថា «ពេលសម្ដេចបានចេញក្នុងផេកថា គាំទ្រ និងលើកទឹកចិត្តដល់កីឡាករយើង ពួកខ្ញុំនៅទីនោះ គឺថាខំប្រឹង និងប្ដេជ្ញាមិនឲ្យសម្ដេចខកបំណងទេ ទោះបីកីឡាករយើងរបួសស្ទើរគ្រប់គ្នា ប៉ុន្ដែខំប្រឹង រហូតដណ្ដើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជូនជាតិមាតុភូមិ ពិសេសមិនឲ្យសម្ដេចខកបំណងឡើយ»

ទន្ទឹមជាមួយគ្នាកីឡាករ ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសពិភពលោកបានលើកឡើងថា «ខ្ញុំសូមអរគុណសម្ដេចតេជោ ដែលបានផ្ដល់សារ ហើយក្រោយទទួលបានសារនេះ ខ្ញុំមានចិត្តរំភើបមែនទែន ហើយខ្ញុំបានយកសារឲ្យប្អូនៗប្រកួតក្រោយខ្ញុំ សូមខំប្រឹង ព្រោះសម្ដេចបានលើកទឹកចិត្ត និងជូនពរក្នុងការប្រកួតនេះ ។ អញ្ចឹងពេលពួកគាត់បានឃើញហើយ ពួកគាត់ក៏មានកម្លាំងចិត្តដែរ ក្មេងៗអាយុ ១៤ ទៅ ១៥ឆ្នាំ គាត់ប្ដេជ្ញានឹងព្យាយាម រហូតពួកគាត់ធ្វើបានសម្រេចក្នុងការតាំងចិត្តមែន»

គួរបញ្ជាក់ថា ចំពោះសមិទ្ធផល នៃបេសកកម្មខាងលើ ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿង ដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្ដែងមេគុនឯកត្តជនកម្រិត ៥ដាន់ និងមេដាយប្រាក់ ២ គ្រឿង ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់ ៤៥គីឡូក្រាម ដោយកីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសាសម្ដែងពិសេស ៦នាក់ ។ រីឯមេដាយសំរឹទ្ធ ដណ្ដើមបាន ២ គ្រឿង លើវិញ្ញាសាសម្ដែងបុរសជាក្រុម ៤នាក់និងវិញ្ញាសាបំបែកក្ដារអាយុ ៤០ ដល់ ៤៩ឆ្នាំឯកត្តជន ។

ទន្ទឹមជាមួយជោគជ័យនេះដែរ ក៏មានបុគ្គលិកឆ្នើមតេក្វាន់ដូ ITF កម្ពុជា ២រូប ដែលធ្វើឲ្យកម្ពុជាមានមុខមាត់លើឆាកអន្ដរជាតិផងដែរ ទី១-លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានសមាជិកសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ បោះឆ្នោះធ្វើជាអនុប្រធាន និងទី២-លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ត្រូវបានគណៈកម្មការអន្ដរជាតិ ប្រគល់សញ្ញាបត្របញ្ជាក់ខ្សែក្រវាត់ ៧ដាន់ ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ៕