ការទទួលស្វាគមន៍ និងអបអរសាទរ កីឡា​ករជ័យលាភីទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាតេក្វាន់​ដូ ITF លើក​ទី​១៤ សម្រាប់​យុវជន​ថ្នាល និង​លើក​ទី​២១ សម្រាប់​ក្រុម​ជម្រើស​ជាតិ


រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់​ដូ ITF លើក​ទី​១៤ សម្រាប់​យុវជន​ថ្នាល និង​លើក​ទី​២១ សម្រាប់​ក្រុម​ជម្រើស​ជាតិ ដែលមានប្រទេសចូលរួមចំនួន៧៤ និងមានកីឡាករសរុប១៤១២នាក់ ប្រកួតលើ១០០វិញ្ញាសា។កម្ពុជាបានបញ្ជូនប្រតិភូកីឡាតេក្វាន់ដូ ITF ចំនួន២៣នាក់ចូលរួមប្រកួត ហើយជាលទ្ធផលក្រុមកីឡាករកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿងក្នុងនោះ មេដាយមាស១ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ២។

នារសៀលថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ ២០១៩នេះ ប្រតិភូមកីឡាតេក្វាន់ដូ ITF បានវិលត្រឡប់មកដល់មាតុប្រទេសវិញ ដោយមានការទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងដង្ហែមកកាន់ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលជួបសំណេះសំណាលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយតិភូមកីឡាតេក្វាន់ដូ ITF កីឡាករកីឡាការិនីទាំងអស់ដែលបានដណ្តើមយកមេដាយដែលជាទីមោទនភាពបំផុតសម្រាប់កម្ពុជា៕