អជ្ញាធរខេត្តប៉ៃលិន ចាប់ផ្តើមកសាងផ្លូវបេតុងថ្មី ១ខ្សែរទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបង្កើនសោភ័ណភាពទីក្រុង


ប៉ៃលិន៖ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរខេត្តប៉ៃលិន ដែលដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ បានចាប់ផ្តើមដំណើរការឈូសឆាយបើកផ្លូវ ដើម្បីធ្វើការស្ថាបនាផ្លូវបេតុង ១ខ្សែរប្រវែង ២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបង្កើនសោភ័ណភាពទីក្រុង។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់ការដឹកកសិផលទៅលក់នៅទីផ្សារ និងសិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ។

សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែរដែលចាប់ផ្តើមស្ថាបនានាពេលនេះ គឺមានប្រវែង ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីផ្លូវប៊េតុងចំណុចរង្វង់មូលវិមានឯករាជ្យ ចុះទៅផ្លូវប៊េតុងបេនឡានថ្មី ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកាគម្រោងអភិវឌ្ឍន៍ខេត្ត។