ប្រជាពលរដ្ឋ៤ភូមិ ក្នុងសង្កាត់ប៉ៃលិន ទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ នៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពីរដ្ឋបាលខេត្តប៉ៃលិន


ខេត្តប៉ៃលិន៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋចំនួន ៤ភូមិ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ស្មើនឹង ១១៦៦ប័ណ្ណ ហើយពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន និងលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្ម សំណង់និងសុរិយោដីខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថប្រចាំខេត្ត និងប្រជាពលរដ្ឋជាង៣០០នាក់ ផងដែរ។

លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្ម សំណង់និងសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងថា៖ កន្លងមកខេត្តប៉ៃលិន បានធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុសរុបចំនួន០៨ភូមិរួចមកហើយ ។សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលបច្ចុប្បន្ន គឺមាន០២ក្រុម ដែលក្រុមទី១ ចុះអនុវត្តន៍ការងារនៅភូមិអូរតាពុកលើ និងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ចំណែកក្រុមទី២ ចុះអនុវត្តន៍ការងារនៅភូមិដូង និងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកប្រធានមន្ទីរ បានបន្តថា៖ ចំពោះការប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នាពេលនេះ មានចំនួន៤ភូមិ រួមមានភូមិប៉ាហ៊ីជើង ភូមិតាង៉ែនលើ ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន សរុបចំនួន១៧១៨ក្បាលដីផងដែរ ។

ថ្លែងក្នុងឪកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ចំពោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់នាពេលនេះ គឺជាវត្ថុដ៏មានតំលៃបំផុត អាចនិយាយបានថាជាអាយុជីវិត ជាមាស ជាប្រាក់ ដែលយើងអាចយកទៅប្រើប្រាស់បាន ដើម្បីទាញយកប្រយោជន៍បានច្រើន ហើយប័ណ្ណដែលទទួលបាននេះ ក៍ជាការចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីមន្ត្រីរដ្ឋបាលសុរិយោដី ត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពដីធ្លីរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនតាមតម្រូវការ ព្រមទាំងយកទៅប្រើប្រាស់ឲ្យចំគោលដៅផងដែរ ៕