ឯកឧត្តម អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


នៅព្រឹកថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្នងការ មេបញ្ជាការ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមផងដែរ ។

បន្ទាប់ពីឯកឧត្តមប្រធានបានបើកកិច្ចប្រជុំ និង ដាក់នូវរបៀបវារៈកិច្ចប្រជុំ និង ឆ្លងតាមការស្តាប់នូវសេចក្តីរាយការណ៍ តាមបណ្តាកងឯកភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជន និង សន្តិសុខសុវត្ថិភាពភ្ញៀវទេសចរណ៍ នៅតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ព្រមទាំងពីតួនាទីភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធ និង បញ្ហាបទ ល្មើសធនធានធម្មជាតិរ៉ែ ព្រៃឈើ ជលផល និង បទលើ្មសផ្សេងៗទៀតផងដែរ ។

អង្គប្រជុំទាំងមូលក៏បានធ្វើកិច្ចពិភាក្សាអំពីបញ្ហារៀបចំផែនការ , ចាត់វិធានការបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ព្រមទាំងបានពិភាក្សាស៊ីជម្រៅ ដោយបានផ្តោតខ្ពស់លើគម្រោងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ។

ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំហើយនោះ មានប្រសាសន៍បូកសរុបនោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការវាយតម្លៃខ្ពស់ពីរបាយការណ៍ និង សភាពការតាមបណ្តាកងឯកភាពរបស់ខេត្ត ដែលបានលើកឡើង ។ ក្នុងនោះដែរឯកឧត្តម ក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរណ៍ ដែលជាមូលដ្ឋា ន សេដ្ឋកិច្ចមិនចេះរីងស្ងួតរបស់ជាតិ ។ ម៉្យាងទៀតណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងឯកភាពទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង និង ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់ប្រជាជនក្នុងមូលដ្ឋាន ព្រមទាំងក្តាប់ឲ្យបាននូវគ្រប់ មុខសញ្ញាដែលមានក្នុងមូលដ្ឋាន សំខាន់ចំពោះសំខាន់នៅថ្ងៃទី ០៩ វិច្ឆិកាខាងមុខនេះ ដើមី្បបញ្ជៀសនូវការបង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និង បង្កអសន្តិសុខនៅក្នុងក្រុងប្រវត្តិសាស្ត្រនេះ ។

ក្នុងនោះឯកឧត្តមបានផ្តោតសំខាន់ចំពោះការគ្រប់គ្រងភ្ញៀវទេសចរដែលមកស្នាក់នៅរយៈពេលវែង ព្រមទាំងសន្តិសុខទេសចរណ៍ និង សុវត្ថិភាពចំណីអាហារ ។ ឯកឧត្តមក៏បានដាក់ នូវវិធានការមួយចំនួនចំពោះការគ្រប់គ្រងឲ្យបានចំពោះឱសថស្ថានមាននៅក្នុងក្រុង ស្រុក ព្រមទាំងត្រូវធ្វើការពិនិត្យចំពោះ រាល់ឱសថក្លែងក្លាយដែលបានធ្វើចរាចរនៅក្នុងខេត្ត ដែលធ្វើឲ្យប៉ះពាល់សុខភាពនិងជីវិតមនុស្សទៀតផង ។ ម៉្យាងទៀតគ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះករណីការប្រកួតប្រជែងភាពមិនស្មោះត្រង់របស់ក្រុមហ៊ុនមួយចំនួន សំខាន់ក្នុងវិស័យទេសចរណ៍ ដែលបានធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ។

ឯកឧត្តមក៏បានជម្រុញដល់មន្ទីរសាធារណការ ត្រូវពិនិត្យឡើងវិញ អំពី បញ្ហាផ្លូវថ្នល់ក្នុងក្រុង ដែលបានធ្វើឲ្យបណ្តាញសង្គមមួយចំនួនធ្វើការរឹះគន់ ព្រមទាំងការងារបរិស្ថានផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់នូវវិធានការមួយចំនួន ដើមី្បទប់ស្កាត់ចំពោះបទល្មើសធនធានធម្មជាតិរ៉ែ ព្រៃឈើ និង ជលផល ចោរឆក់ លួច រួមទាំងអំពើជួញដូរគ្រឿងញៀន និងការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធនោះ និងត្រូវធ្វើការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និង ចាប់យកមកផ្តន្ទាទោសទតាមផ្លូវច្បាប់ ។

ឯកឧត្តម ទៀ សីហា ក៏បានដាក់នូវវិធានការណ៍ មួយចំនួនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ និង អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងដល់កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរឃុំ សង្កាត់ និងមេភូមិ ព្រមទាំងប្រជាពលរដ្ឋ កុំឲ្យចាញ់បោកនូវរាល់ល្បិចកល របស់ក្រុមជ្រុលនិយម ក្នុងគោលបំណងបំផ្លាញសន្តិភាពនៅកម្ពុជា ក្នុងនោះដែរឯកឧត្តមក៏បានក្រើនរំលឹក គ្រប់គណៈបញ្ជាការឯក ភាពរដ្ឋបាល ក្រុង ស្រុក និងកងឯកភាពទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ឲ្យបានចូលជ្រៅដល់មន្ត្រីរាជការ អាជ្ញាធរ ឃុំ សង្កាត់ និង កងកម្លាំងប្រដាប់អាវុធ ។ កត្តាសំខាន់នោះ នៅគ្រប់មូលដ្ឋាន បង្កើនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង អនុវត្តឲ្យខាងតែបាននូវ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕