ទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន៥គ្រួសារ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អមដំណើរដោយ ឯកឧត្តម ឡាំ ម៉េងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន៥គ្រួសារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត នៅភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន បន្ទាប់មកលោកបានថ្លែងអំណរគុណ ចំពោះបងប្អូនអតីតយុទ្ធជននៅឃុំល្វា ដែលបានធ្វើជាគំរូល្អនៅមូលដ្ឋានរក្សាបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងនាមខ្លួន ជាអតីតកងកម្លាំងប្រដាប់អាវុធ។

ជាមួយគ្នានេះ ឯកឧត្តម គន់ គីម ក៏បានផ្តាំផ្ញើដល់សមាជិកអតីតយុទ្ធជនកម្ពុជាទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់ការឃោសនាញុះញង់របស់ពួកប្រឆាំង និងចេះថែរក្សាផ្ទះសម្បែង ដែលជាអំណោយរបស់សម្តេចទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើកសសើរដល់ ស អ ក ឃុំ ស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានជួយដល់បងប្អូនអតីតយុទ្ធជន ពេលមានទុក្ខលំបាកបានទាន់ពេលវេលា ដូចករណីលោក ពៅ សុខា ភ្លើងឆេះផ្ទះ និងសូមថ្នាក់ដឹកនាំ ស អ ក បន្តខិតខំចុះជួបបងប្អូនអតីតយុទ្ធជន និងជួយដោះស្រាយការលំបាករបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។

ក្នុងនាមសម្តេចទាំងពីរ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល បានឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនបងប្អូនទាំង៥គ្រួសារ ដែលទទួលបានផ្ទះ និងថវិកា ក្នុងមួយគ្រួសារ១០ម៉ឺនរៀល និងជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមកចូលរួម ក្នុងពិធីនេះចំនួន២០នាក់ ក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល។

ជាមួយគ្នានេះ លោក ពៅ សុខា យោធិនពិការជំនួសមុខឲ្យអតីតយុទ្ធជនទាំង៥គ្រួសារ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះដល់ពួកគាត់ ដែលមានជីវភាពខ្វះខាតពួកគាត់ សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំបន្តដឹកនាំ ប្រទេសកម្ពុជាជារៀងរហូត។ លោកក៏សូមថ្លែងអំណរគុណដល់ ទេសរដ្ឋមន្រ្តី គន់ គីម ក៏ដូចជា ថ្នាក់ដឹកនាំ ស អ ក គ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ជួយពួកគាត់បានទាន់ពេលវេលា៕