ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សរុបចំនួន ៣៣នាក់ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់ប្រតិភូយុវជន និងផ្តល់ជាអនុសាសន៍ណែនាំនូវចំណេះដឹងល្អៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងកិច្ចការងារសំខាន់នានារបស់អាស៊ាន។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រតិភូយុវជនឱ្យយកចិត្តទុកដាក់លើវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់នៃបណ្តាប្រទេសអាស៊ានទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសាវតាខ្លះៗរបស់ក្រសួង ប.ទ. ព្រមទាំងការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICT) នៅកម្ពុជាផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ និងផ្តែផ្តាំអោយប្អូនៗចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីកម្មវិធីនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យស័ក្តិសមជាយុវជនតំណាងប្រទេសជាតិ និងយុវជនឆ្នើមកម្ពុជានៅលើឆាកអន្តរជាតិ។

*គូសបញ្ជាក់ផងដែរថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនដូចជា ការពង្រឹងនិងពង្រីកកិច្ចការទំនាក់ទំនង ការរៀនធ្វើការងារជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងផ្សេងៗ៕