សិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យលេខ ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង របៀបរបបធ្វើការងារ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត


នាព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាផ្សព្វ ផ្សាយ (អនុក្រឹត្យ លេខ ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង របៀបរបបធ្វើការងារ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង តំណាងក្រសួងមហាផ្ទៃ សរុបប្រមាណ ១០០នាក់ចូលរួម ។

លោក នេត្រ ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋ បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព លទ្ធផលការងារអនុវត្តបានកន្លងមក ព្រមទាំងបានគូសបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែល ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តម អ៊ឹង ហឿន បានគូសបញ្ជាក់ថា អនុក្រឹត្យនេះមានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និង នីតិវិធីនៃការទទួល និង ការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ ហើយមានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។ អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាននិងវិវាទដែលច្បាប់ឬដែលរាជរដ្ឋាភិបាលបានកំណត់ឲ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយទេ ។

ក្នុងនោះដែរឯកឧត្តមក៏បានលើកវាក្យសព្ទបច្ចេកទេសនៅក្នុងអនុក្រឹត្យនេះ គឺមានន័យ បណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ សំដៅដល់ការតវ៉ា ឬការទាមទារ ឬការមិនពេញចិត្តដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញ ព្រមទាំងភ្នាក់ងារទទួលសមត្ថកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ ។

ឯកឧត្តម អ៊ឹង ហឿន ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្តន៍នូវអនុក្រឹត្យ និង លិខិតបទដ្ឋានពាក់ព័ន្ធ នឹងការបង្កើតយន្តការច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងគោលបំណង ដើមី្បលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព កាត់បន្ថយពេលវេលា និង ច្បាស់លាស់អាចជឿទុកចិត្ត តម្លៃ សមរម្យ ប្រកបដោយគុណភាព និង គណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវា រដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ។ កត្តាទាំងនេះគឺជាការបង្កលក្ខណៈងាយស្រួល ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ សំណូមពរ និង ការបង្ខិតសេវាឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់អំពើពុករលួយទៀតផង ។

ឆ្លៀតក្នុងឱកាសនោះ ដែរឯកឧត្តម ក៏បានធ្វើការណែនាំដល់ប្រធានការិយាល័យប្រជាពលរដ្ឋ និង មន្ត្រីក្រោមឱវាទ ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធិភាព គឺ ដោះស្រាយឲ្យបានចំបញ្ហារបស់ប្រជាជន និង ត្រូវតែជាបុគ្គលឯករាជ្យ ហើយរាល់ការអន្តរាគមន៍ទៅលើបញ្ហារបស់បងប្អូនប្រជាពល រដ្ឋ មិនត្រូវធ្វើឡើយ ដោយសារតែសម្ពាធ ឬ លម្អៀងខាងផ្នែកនយោបាយនោះឡើយ ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់អង្គសិក្ខា សាលាទាំងមូល ឲ្យយកចិត្តទុកដាក់ពីក្នុងការពន្យល់ណែនាំរបស់វាគ្មិន ដើមី្បទទួលបាននូវបទពិសោធន៍ ចំណេះដឹង បច្ចេកទេស ល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់យកទៅអនុវត្តនៅតាមមន្ទីរ អង្គភាព និង ក្រុង ស្រុករបស់ខ្លួនឲ្យទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ៕