អភិបាលខេត្តប៉ៃលិនជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេស គុណភាព និងច្បាប់ សាងសង់សំណង់អាគារនានាក្នុងខេត្ត


ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើការងារគ្រប់គ្រងសំណង់អាគារ ដល់ម្ចាស់ក្រុមហ៊ុនសំណង់ក្នុងខេត្ត នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគររូនីយកម្មសំណង់ និងសូរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេស គុណភាព និងច្បាប់សាងសង់សំណង់អាគារនានាក្នុងខេត្ត ឱ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមបទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅក្នុងខេត្តនិងពិនិត្យមើលលក្ខណសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់តាមការដ្ឋានសំណង់ ជាពិសេសត្រូវណែនាំដល់ម្ចាស់ក្រុមហ៊ុនសំណង់ទាំងអស់ ឱ្យចូលរួមសហការ ធ្វើប្លង់ដី និងច្បាប់សាងសង់ ដើម្បីអោយមន្រ្តីជំនាញធ្វើការត្រួតពិនិត្យ ការងារសងសង់ ប្រកបទៅដោយគុណភាពរឹងមាំ សំដៅទប់ស្កាត់ ការពារ កុំអោយប៉ះពាល់ ដល់អាយុជីវិត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការដល់រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស ត្រូវចាត់វិធានការផ្លូវច្បាប់លើការងារសាសង់ ដើម្បីធានាដល់ការប្រើប្រាស់សំណង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ ព្រមទាំងធានាដល់គុណភាពនិងសុវត្ថិភាពសំណង់ សុខុមាលភាពម្ចាស់សំណង់ និងអ្នកប្រើប្រាស់ រួមទាំងសាធារណៈជនផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំដល់ក្រុមហ៊ុនសាងសង់ទាំងអស់នៅក្នុងខេត្តត្រូវធ្វើច្បាប់ឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេសសំណង់ ព្រមទាំងមានការទទួលខុសត្រូវ និងត្រួតពិនិត្យការដ្ឋានសាងសង់របស់ខ្លួនឲ្យបានហ្មត់ចត់ ចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ហើយក្នុងករណីរកឃើញថាក្រុមហ៊ុនសំណង់ណាមួយ ដែលធ្វើការសាងសង់ដោយមិនមានលិខិតអនុញ្ញាតតាមផ្លូវច្បាប់ ក្រុមហ៊ុន និងម្ចាស់សំណង់នឹងត្រូវទទួលខុសត្រូវចំច្បាប់។

សូមបញ្ជាក់ថា៖ នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជំនាញចម្រុះ បានធ្វើការចុះត្រួតពិនិត្យលើសំណង់អាគារចំនួន ១០ រកឃើញសំណងអាគារចំនួន ៥ មិនទាន់មានច្បាប់បទដ្ឋានគតិយុត្តិ និងបទដ្ឋានបច្ចេកទេសសំណង់ត្រឹមត្រូវ។