ប្រជាកសិកររងគ្រោះរាំងស្ងួតក្នុងឃុំសំរោងយា ស្រុកពួក បានទទួលស្រូវពូជ និង ជីគីមី របស់កសិកម្មខេត្ត


កាលពីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្រូវពូជ សែនក្រអូប និង ស្រូវខា១៥ របស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ រួមទាំងគ្រាប់ពូជ និងជីគីមីសញ្ញាក្បាលក្របី ត្រូវបានចែកជូនដល់បងប្អូនប្រជាកសិករចំនួន៥០គ្រួសារមកពី៦ភូមិ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយបានធ្វើការបង្ហាញនូវបច្ចេកទេសការព្រោះស្រូវ តាមឧបករណ៍របស់កសិកម្ម នៅវាលស្រែក្នុងភូមិតាជេត ឃុំសំរោងយា ដោយមានវត្តមានចូលរួមរបស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិ កម្មរុក្ខាប្រមាញ់និងនេសាទ និង លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក រួមទាំងអាជ្ញាធរឃុំ ភូមិ និង ប្រជាកសិករផងដែរ ។

លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក ដោយការទទួលនូវរបបទឹកភ្លៀងមានកម្រិតទាបជាងឆ្នាំមុន ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវ ដោយគ្រោះរាំងស្ងួត ទូទាំងស្រុកពួកសរុបជាង ២ពាន់ហិកតា ក្នុងនោះនៅឃុំ សំរោងយា ក៏ទទួលរងគ្រោះ ១៦០ហិចតាផងដែរ ។

ឆ្លងតាមការណែនាំរបស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ ជាអ្នកឯកទេសបង្កាត់គ្រាប់ពូជ របស់ក្រសួងកសិកម្ម បានធ្វើការបង្ហាញអំពីបច្ចេកទេស លើការព្រោះគ្រាប់ ស្រូវ តាមឧបករណ៍កសិកម្ម ដែលប្រើប្រាស់គ្រាប់ពូជតិច និង ទទួលផលខ្ពស់ ក្នុងនោះអ្នកឯកទេសក៏បានធ្វើការណែនាំដល់បងប្អូន ប្រជាកសិករ សូមឲ្យចេះជ្រើសរើសគ្រាប់ពូជ ក្នុងការដាំដុះ រួមទាំងការប្រើប្រាស់ជីផងដែរ ។ លោកបានឲ្យដឹងថា ការបង្ហាញបច្ចេក ទេសក្នុងការព្រោះស្រូវ ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រាប់ពូជច្រើន តែបានផលតិច ហើយការព្រោះស្រូវនាពេលនេះ នៅពេលធ្វើការ ប្រមូលផល យើងយកគ្រាប់ស្រូវនេះធ្វើជាស្រូវពូជបានបន្ត និង បានចែកពូជដល់បងប្អូនប្រជាកសិករឯទៀតយកទៅប្រើប្រាស់ផង ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបញ្ចាក់ថា ស្រូវពូជទាំងនេះ ជាប្រភេទពូជស្រូវ សែនក្រអូប និង ខា១៥ អាចដាំដុះបានដោយមិនប្រកាន់រដូវ មានអាយុកាលនៃការដាំដុះរហូតដល់បានទទួលផល ក្នុងអំឡុងពី ១១០ថ្ងៃ ទៅ ១១៥ថ្ងៃ ។ ពូជស្រូវទាំងនេះ ត្រូវបានចាត់ចែងផលិតដោយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ មានគុណភាពបន្សុទ្ធពូជមិនទាបជាង៩៥% ធានាការដំណុះគ្រាប់មិនទាបជាង៨០% នោះឡើយ ។

លោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មខេត្ត បានគិតដល់បងប្អូនប្រជាកសិករនៅក្នុងស្រុកពួក ដែលទទួលរងគ្រោះភាពរាំងស្ងួតធ្ងន់ជាងបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ហើយក៏បានបញ្ចុះនូវមន្ត្រីបច្ចេក ទេសជំនាញស្រូវកសិកម្ម មកធ្វើការបង្ហាត់បង្ហាញ ដើមី្បធ្វើការស្ការនូវរាល់ផលប៉ះពាល់ខូចខាតកន្លងមក ព្រមទាំងនាំមកនូវស្រូវពូជ ជូនដល់បងប្អូនទៀតផង ។ ក្រៅពីស្រូវពូជ មន្ទីរបានសហការជាមួយក្រុមហ៊ុន ផ្តល់នូវជីគីមី ដើមី្បជូនបងប្អូនប្រើប្រាស់ដាក់ស្រូវ ហើយ មន្ទីរកសិកម្មខេត្ត ក៏នឹងបន្តចែកជូននូវគ្រាប់ពូជ ដំណាំ បន្លែ ដែលជាដំណាំរួមផំ្សក្នុងការទ្រទ្រង់ជីវភាពតាមក្រុមគ្រួសារទៀតផង ។ លោកប្រធានមន្ទីរ ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងផ្តល់នូវបទពិសោធន៍ល្អៗ ជូនដល់បងប្អូនប្រជាកសិករ ដើមី្បទទួលបាននូវចំណេះដឹង បទពិសោធន៍ លើការងារបង្កបង្កើនផល និង ការប្រើប្រាស់ជី ព្រមទាំងថ្នាំសម្លាប់សត្វល្អិត ឬស្មៅ ឲ្យបានត្រឹមត្រូវទៅតាម ការណែនាំរបស់ក្រសួងកសិកម្មទៀតផង ។

គ្រាប់ស្រូវពូជ ដែលបងប្អូនប្រជាកសិករទាំង ៥០គ្រួសារទទួលបាន ១គ្រួសារ ស្រូវពូជ ១០០គក្រ និង ជីគីមី ២៥គក្រផងដែរ ៕