មន្ត្រីគ្រប់គ្រងកិច្ចការលទ្ធកម្ម ទទួលបានបទពិសោធន៍ជាច្រើន ពាក់ព័ន្ធលទ្ធកម្មសាធារណៈ


ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានលើកឡើងនៅក្នុងពីធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ» ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្មចំនួន៤ក្រសួង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ ពិតជាបានចូលរួមយ៉ាងផុសផុល និងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ជាពិសេសនៅក្នុងវគ្គសំណួរ និងចម្លើយ ដែលជាហេតុធ្វើឱ្យវគ្គបណ្តុះបណ្តាល និងវិក្រឹតការនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃ ទៅតាមការគ្រោងទុក។

ឯកឧត្តមបន្តថា តាមរយៈសិក្ខាសាលានេះ គឺជាចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដូចជា៖ វិធីសាស្ត្រលទ្ធកម្ម, នីតិវិធីនៃវិធីសាស្ត្រលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និង ការអនុវត្តបទដ្ឋានឯកសារលទ្ធកម្ម, ការទទួលខុសត្រូវរបស់ស្ថាប័ន អនុវត្តលទ្ធកម្មនិងអង្គភាពថវិកា, ការដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា រួមនឹងក្រមសីលធម៌លទ្ធកម្ម និងទោសប្បញ្ញត្តិ, នីតិវិធីនៃវិធីសាស្ត្រលទ្ធកម្មសេវាទីប្រឹក្សា, ការរៀបចំផែនការលទ្ធកម្ម និងរបាយការណ៍អនុវត្តកិច្ចការលទ្ធកម្មជាដើម ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឈឹម សារ៉េត បានថ្លែងអំណរគុណ និងសូមសម្តែងនូវការកោតសរសើរ លោកគ្រូឧទ្ទេស ដែលបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម តាមរយៈការផ្តល់បទឧទ្ទេសនាមយ៉ាងក្បោះក្បាយ ផ្សាភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង និងថ្លែងអំណរគុណ ដល់សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួម និងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស រួមជាមួយសហការីរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំ និងសម្របសម្រួលឱ្យវគ្គបណ្តុះបណ្តាលនិងវិក្រឹតការ ស្តីពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ រយៈពេល៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យ៕