ទេសរដ្ឋមន្ត្រី គន់ គីម៖ «ក្រុមខ្មោចបក្សសង្គ្រោះជាតិ គេមិនសប្បាយចិត្តនឹងសុខសន្តិភាពទេ តែងចង់ធ្វើបដិវត្តន៍ពណ៌»


(ស្វាយរៀង)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបង្ហាញពីគុណតម្លៃដ៏ធំធេងនៃសុខសន្តិភាពដែលកំពុង គ្របដណ្តើមលើផ្ទៃប្រទេសកម្ពុជា។ លោកថា សុខសន្តិភាពនេះ បានផ្តល់ឱកាសឱ្យកម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តែក្រុមអតីតគណបក្សជំទាស់នៅកម្ពុជាមិនពេញចិត្តនោះឡើយ។

ការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលអញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជន ប្រមាណ ២០០គ្រួសារនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ផ្ទះប្រគល់ជូនអតីតយុទ្ធជនទាំង ២០០គ្រួសារនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅចំពោះមុខក្រុមគ្រួសារអតីតយុទ្ធជន និងមន្ត្រីដែលចូលរួមជាច្រើននាក់នោះ ឯកឧត្តម គន់ គីម បានគូសបញ្ជាក់ថា «មានសន្តិភាពទេីបយេីងមានការអភិវឌ្ឍន៍ និងទទួលបានភាពសុខដុមនៅទូទាំងប្រទេស សន្តិភាពសំខាន់ណាស់សម្រាប់យេីងទាំងអស់គ្នា។ ប៉ុន្តែពួកប្រឆាំងគេមិនសប្បាយចិត្តទេ ជានិច្ចជាកាលពួកវាតែងតែប៉ុនប៉ងចង់ធ្វេីបដិវត្តន៍ពណ៌ តាមគ្រប់រូបភាពក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដេីម្បីទាញប្រទេសជាតិឱ្យធ្លាក់ទៅក្នុងសង្គ្រាមឡេីងវិញ»។

ទន្ទឹមនឹងការលើកបង្ហាញពីចេតនាពិសពុលរបស់ក្រុមអតីតគណបក្សជំទាស់នៅកម្ពុជាហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវឱ្យរួមគ្នាប្រឆាំងបំណងទុច្ចរិតទាំងនេះ។ ឯកឧត្តម គន់ គីម បានអំពាវនាវបែបនេះ«ដូច្នេះយេីងទាំងអស់គ្នាត្រូវតែប្តូផ្តាច់ការពារឱ្យបានសន្តិភាពដែលយេីងកំពុងទទួលបានដូចសព្វថ្ងៃនេះ នឹងត្រូវជឿជាក់ ដេីរតាមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ប្រឆាំងដាច់ខាតរាល់ ការឃោសនាបំបែកបំបាក់និងរាល់សកម្មភាពដែលនាំអោយប៉ះពាល់ដល់សុខសន្តិភាព»