ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ធ្វើការនៅប្រទេសថៃ ជាង៨ម៉ឺននាក់ ដែលថាយល់ព្រមអមដំណើរលោក សម រង្ស៊ី គ្រាន់តែជាការបំប៉ោង


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ធ្វើការនៅប្រទេសថៃ ជាង៨ម៉ឺននាក់ ដែលថាយល់ព្រមអមដំណើរលោក សម រង្ស៊ី វិលចូលមកកម្ពុជាវិញនោះ គ្រាន់តែជាការបំប៉ោង ឲ្យប្រជាពលរដ្ឋខ្មែរក្នុងស្រុក ងើបឡើងដើម្បីជាការលើកទឹកចិត្តប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ប៉ុណ្ណោះ។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បែបនេះ បន្ទាប់ពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំ ប្រទេសថៃអះអាងថា មានពលករខ្មែរធ្វើការនៅថៃជាង៨ ម៉ឺននាក់ យល់ព្រមអមដំណើរ លោក សម រង្ស៊ីវិល ចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១ កញ្ញា ។

ឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់មជម្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២ កញ្ញា ថា “ចឹងទេទាំងអស់ហ្នឹងគ្រាន់តែជាសភាពការ គ្រាន់តែបំប៉ោងដើម្បីធ្វើឲ្យមានការរំជើបរំជួល ជាពិសេសគឺថា នាំឲ្យពួកក្នុងស្រុកហ្នឹងងើបឡើង ដើម្បីលើកទឹកចិត្តអ្នកខាងក្រៅ អានេះ ជាខ្សែររយៈពីក្នុងមកក្រៅ ពីក្រៅមកក្នុងតែប៉ុណ្នឹងទេ” ។

ឯកឧត្តមមិនជឿថា មានពលរដ្ឋខ្មែរជាង៨ម៉ឺននាក់នៅថៃ អមដំណើរ លោក សម រង្ស៊ី ចូលមកកម្ពុជាវិញនោះឡើយ។

ឯកឧត្តម សុខ ឥសាន មានជំនឿថា លោក សម រង្ស៊ី មិនមកកម្ពុជាវិញបានឡើយ ព្រោះទណ្ឌិតរូបនេះ ជាប់នូវបណ្ដឹងជាច្រើនក្នុងដៃតុលាការ ដែលធ្វើឲ្យលោកប្រឈម ជាមួយការជាប់គុកផងដែរ ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បានប្រការជាផ្លូវការជាថ្មីម្ដងទៀតថា នឹងចូលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ បើតាមលោកអេង ឆៃអ៊ាងមនុស្សជំនិតរបស់លោក សម រង្ស៊ី គឺមុន៣ថ្ងៃនៃការវិលមកវិញ របស់លោក សម រង្ស៊ី នឹងបង្ហាញតម្រាយផ្លូវ៣ គឺផ្លូវទឹក គោក និងទឹក សម្រាប់មាតុភូមិនិវត្តលើកនេះ៕