គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាបន្ទាន់, ដើម្បីពិនិត្យ និងពិភាក្សាអំពី ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និង សាងសង់ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ


ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ កន្លងមក, នាព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាបន្ទាន់, ដើម្បីពិនិត្យ និងពិភាក្សាអំពី “ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និង សាងសង់ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ” ។ កិច្ចប្រជុំរៀបចំនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងព្រះសីហនុ, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងថ្នាក់ ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។