អភិបាល​​ខេត្តកំពង់ចាម​ ចុះពិនិត្យ​ម៉ាស៊ីនត្រៀម​បូម​ទឹក​ ដេីម្បី​បញ្ចៀស​ជំនន់​លិច​ក្នុង​ក្រុង​ និង​ពិនិត្យ​​​ការ​បាក់​ច្រាំង​ទន្លេ​នៅ​ស្រុក​កងមាស​


កំពង់ចាម​:​ ឯកឧត្យម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្ត អមដំណើរ​ដោយ​អភិបាលរងខេត្ត ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញខេត្ត​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​ នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៥​ កញ្ញា​ ២០១៩នេះ​ បាន​អញ្ជើញ​ចុះពិនិត្យការដាក់ម៉ាសុីន​​ត្រៀម​អន្តរាគមន៍​បូម​ទឹក​ ដេីម្បី​បញ្ចៀស​​ជំនន់​លិចចូល​ក្នុង​ក្រុង​ ស្ថិត​នៅ​ក្នុង​សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ខណៈ​ដែល​ទឹកទន្លេមេគង្គនៅតែបន្ត​ហក់​ឡើង។ បន្ទាប់មកឯកឧត្តម​អភិបាលខេត្ដ​ ក៏បាន​ដឹកនាំ​ក្រុម​ការងារបន្ត​ចុះពិនិត្យការបាក់ស្រុតដីច្រាំងទន្លេនៅតាមបណ្ដាលឃុំមួយចំនួននៅក្នុងស្រុកកងមាស ព្រមទាំង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ និង​សម្ភារៈ​មួយ​ចំនួន​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលត្រូវរុះរើ​ផ្ទះ​បន្ទាន់​គេចចេញ​ពី​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ផង​ដែរ​។

យោងតាម​របាយការណ៍​របស់​ លោក​ មឿន​ ផា​ អភិបាល​ស្រុក​កងមាស​ បាន​បញ្ជាក់​ថា​ នៅក្នុងរដូវទឹកឡើងនាឆ្នាំ២០១៩នេះ ស្ថានភាពទឹកទន្លេមេគង្គ​ បានហក់ឡើងជាកំហុកនៅដើមខែកញ្ញានេះ ម៉្យាងទៀតដោយភូមិសាស្ត្រស្រុកកងមាស នៅ​ស្របតាមបណ្តាយដងទន្លេមេគង្គ​ ងាយនឹងរងគ្រោះដោយទឹកជំនន់ និងការបាក់ច្រាំងទន្លេ។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញា នេះ នៅក្នុងភូមិសាស្ត្រស្រុកកងមាស មានគ្រោះធម្មជាតិដោយសារ ស្រុតច្រាំងទន្លេចំនួន០៣ឃុំ​ និងរុះរើផ្ទះ​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់​ចំនួន០៤គ្រួសារផង​ដែរ​។ ក្នុង​នោះឃុំរកាអារ ភូមិជ្រោយក្របៅទី២ ស្រុតច្រាំងទន្លេ បណ្តោយ៣៥០ម៉ែត្រ ទទឹង១០ម៉ែត្រ។​ ឃុំអង្គរបាន ភូមិអង្គរបានទី៨ ស្រុតច្រាំងទន្លេ បណ្តោយ៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ​។ និងឃុំស្តៅ ភូមិល្វាលើ ស្រុតច្រាំងទន្លេ បណ្តោយ១០០ម៉ែត្រ ទទឹង៤០ម៉ែត្រ ក្នុងនោះត្រូវរុះរើផ្ទះចំនួន០៤គ្រួសារ ១-ឈ្មោះ ចាប ឈើយ ប្រក់ក្បឿង ទំហ៩x៧ម៉ែត្រ​​ ។
២-ឈ្មោះ ឡា ពិសិដ្ឋ​ ប្រក់សង្ក័សី​ ទំហំ៧x៥​ម៉ែត្រ​ ។
៣-ឈ្មោះ យ៉ង់ គឹមហ័ង ប្រក់ក្បឿង ទំហំ៧x៥ម៉ែត្រ​ ។​
និង​ទី៤-ឈ្មោះ​ ឃ្លោក​ សុខឃីម​ ប្រក់សង្ក័សី​ ទំហំ​៥x៦ម៉ែត្រ​ ។ តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណា​ម្នាក់​ឡើយ ។​

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត​ ក៏បានឧបត្ថម្ភនូវថវិកា​ និងសម្ភារះមួយចំនួន​ ព្រមទាំងបានធ្វើការណែនាំដល់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​ជួយ​តាមដានស្ថានភាព នៃការបាក់ច្រាំងទន្លេនេះជាប្រចាំ ដើម្បីមានវិធានការជួយសង្រ្គោះទាន់ពេលវេលាផងដែរ​ ៕