លោកជំទាវ តឹករ៉េត កំរង៖ កម្ពុជាត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម


(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង បានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម តាមរយៈការចូលជាសមាជិកសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីប្រតិបត្តិការនេះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការបង្កើតគណៈកម្មាធិការបញ្ជរតែមួយជាតិ និងការប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលបច្ចុប្បន្នកំពុងរង់ចាំរដ្ឋសភាជាតិធ្វើការអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព «ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា» នៅសណ្ឋាគារសាន់វេ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ប្រមាណ ៥០នាក់។

នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង បានគូសបញ្ជាក់ពីសក្តានុពល និងសារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការជំរុញប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃលំហូរពាណិជ្ជកម្មនៅតាមប្រទេសក្នុងតំបន់ ដើម្បីបង្កើតភាពសុខដុមនីយកម្មសម្រាប់ពិភពលោក ក្នុងរយៈពេលយូរអង្វែង។

លោកជំទាវរដ្ឋលេខាធិការ ក៏មិនភ្លេចជម្រាបជូនអង្គពិធី អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម តាមរយៈការកែសម្រួលនីតិវិធីរដ្ឋបាល ការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ ASYCUDA ការដាក់ចេញនូវកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្មដ៏មុតស្រួច ការធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យដំណើរការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ និងការចងក្រងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។

បន្ថែមលើនោះ លោកជំទាវ តឹករ៉េត កំរង ក៏បានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមន្ត្រីអន្តរក្រសួង ប្រើប្រាស់វេទិកាថ្ងៃនេះ ធ្វើការត្រួតពិនិត្យ និងពិភាក្សាឱ្យបានផុសផុល ទៅលើរបាយការណ៍សិក្សាចងក្រងឡើងដោយអង្គការ UNESCAP ស្តីពីសេចក្តីព្រាងសកម្មភាពសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនប្រើក្រដាសស្នាម នៅកម្ពុជា ដើម្បីបង្កើតជាផែនការអាទិភាពក្នុងរយៈពេលខ្លី សំដៅកៀងគរប្រភពធនធាន ជាពិសេសជំនួយសម្រាប់ពាណិជ្ជកម្ម (Aid-for-trade) សម្រាប់គាំទ្រការអនុវត្តនាពេលអនាគត។

គួររំឭកដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀង ស្តី​ពី​កិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ព្រមទាំងធានាបាននូវការគោរពបទដ្ឋានគតិយុត្ត ដែលនឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង​ ដល់ប្រទេសក្នុងតំបន់។