ឯកឧត្តម សុខ ចិន្តាសោភា ប្រារព្ធពិធីអបអរសាទរខួប ៣៨ឆ្នាំថ្ងៃជ័យជម្នះ ៧មករា


ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាលថា សុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ននេះ បានកើតចេញពីការដាក់ចេញគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ដែរថា សុខសន្តិភាព ដែលសម្តេចនាយករដ្ឋមន្រ្តី បានយកជីវិតទៅ ប្តូរមកនេះ បានធ្វើកម្ពុជាមានការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់។

ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងដូច្នេះ ក្នុងពេលដែលរូបឯកឧត្តម និងគណៈពង្រឹងការងារឃុំទួលពេជ្រ ប្រារព្ធពិធីអបអរសាទរខួប ៣៨ឆ្នាំថ្ងៃជ័យជម្នះ ៧មករា ដែលបានធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។

ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា «បើគ្មានថ្ងៃជ័យជម្នះ៧មករា យើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរ។ ថ្ងៃ ៧មករា ជាកំណើតទី២របស់យើងទាំងអស់គ្នា»។

ឯកឧត្តម សុខ ចិន្តាសោភា បន្តថា ផ្តើមចេញពីជ័យជម្នះ៧មករា នៅមានដំណាក់កាលចរចាស្វែងរកសន្តិភាពជាច្រើនផ្សេងទៀត ក្នុងការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងធ្វើរួមគ្នា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតរបស់សម្តេចដោយផ្ទាល់ចូលជំរុំខ្មែរក្រហម ដើម្បីចរចាជាមួយមេខ្មែរក្រហម រហូត ទទួលបានជោគជ័យ និងបញ្ចប់សង្រ្គាមទាំងស្រុង។

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «សុខសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរយកមកជូនជាតិមាតុភូមិនាពេលនេះ គឺប្រភព នៃការរីកចំរើនរបស់ប្រទេសជាតិ ជាប្រភពនៃអ្វីៗទាំងអស់ដែលយើងមានចប្បុន្ននេះ។ បើប្រទេសយើងពុំមានសុខសន្តិភាពទេ មូលនិធិក៏គ្មាន ក្មួយៗក៏មិនមានការងារធ្វើ ពោលគឺយើងបាត់បង់អ្វីៗទាំងអស់។ ដូចនេះការរក្សាសន្តិភាពដែលយើងមានស្រាប់ក្នុងដៃគឹជាកត្តាសំខាន់បំផុត»