ផ្លូវចាប់ផ្លូវសុខសានរហូតដល់ផ្លូវក្រវ៉ាត់ក្រុង (ផ្លូវមុខកេសរគោល) ត្រូវបានក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើការឈូសឆាយ ដើម្បីសម្រួលស្ថានចរាចរណ៍ជូនប្រជាពលរដ្ឋ


ព្រឹកថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្តបានដឹកនាំក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានដាក់គ្រឿងចក្រឈូសឆាយផ្លូវ ចាប់ផ្លូវសុខសានរហូតដល់ផ្លូវក្រវ៉ាត់ក្រុង (ផ្លូវមុខកេសរគោល)មានប្រវែង ១៦០០ម៉ែត្រ ដើម្បីសម្រួលស្ថានបើកបរជូនប្រជាពលរដ្ឋអាចធ្វើចរាចរណ៍មានភាពងាយស្រួលជាងនេះ។

ជាមួយនឹងឈូសឆាយនេះ ក្រុមការងារក៏សូមធ្វើការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ ដោយមានការស្ទះផ្លូវ តែនៅក្រោយឈូសឆាយរួចបងប្អូនអាចធ្វើដំណើរបានជាធម្មតា។ ម្យ៉ាងទៀត ផ្លូវនឹងមានការជួសជុលឡើងវិញនាចុងឆ្នាំ២០១៩ខាងមុខនេះ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានរស់នៅតាមបណ្តោយផ្លូវនេះ សូមមេត្តាកុំយកដីចំណីផ្លូវដាក់សម្ភារលក់ដូរ ឬដាក់សម្ភារផ្សេងៗទៀត ដែលធ្វើឱ្យផ្លូវមានសភាកាន់តែតូច និងងាយកកស្ទះ។ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយនឹងអាជ្ញាធរ ដើម្បីជាការកែលម្អសោភ័ណភាពក្រុងសៀមរាបរបស់យើង៕