រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សរុបចំនួន ២៧នាក់ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងមុខងារសាធារណៈមុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី ឯកឧត្តម បានសម្តែងការស្វាគមន៍ដល់ប្រតិភូយុវជន និងផ្តល់ជាអនុសាសន៍ណែនាំនូវចំណេះដឹងល្អៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការងារសំខាន់នានារបស់អាស៊ាន មួយចំនួនដល់ប្រតិភូនាវាយុវជនកម្ពុជា ឱ្យយុវជនត្រូវខិតខំពង្រឹងកិច្ចការងារទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ និងព្រមទាំងកោតសរសើរចំពោះសកម្មភាពទាំងឡាយរបស់ក្រុមយុវជនកម្ពុជា ដែលបានសម្រេចភារកិច្ចក្នុងរយៈពេលកន្លងមកនេះ។
មុននឹងបញ្ចប់ ឯកឧត្តម បានជូនពរ និងផ្តាំផ្ញេីឱ្យប្អូនៗចេះថែរក្សាសុខភាពព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីកម្មវិធីនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យស័ក្តិសមជាយុវជនតំណាងប្រទេសជាតិ និងយុវជនឆ្នើមកម្ពុជានៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦ ឆ្នាំ២០១៩ នេះមានរយៈពេល ៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។