កិច្ចប្រជុំអំពីវឌ្ឍនភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងការតែងតាំង ផ្ទេរភារកិច្ចថ្មីនេះជូនថ្នាក់ដឹកនាំនយោបាយ និងបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន


ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការក្រសួង។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងនិងការផ្ទេរភារកិច្ចថ្មី រំហូរឯកសារការងារអនុវត្តគម្រោងរបស់ក្រសួង ការពិនិត្យសម្រេចដោះស្រាយរាល់សំណូមពរ និងកិច្ចការដែលត្រូវរៀបចំធ្វើបន្តដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង របាយការណ៍វឌ្ឍនភាពការងារសាងសង់អគារថ្មីទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ការតែងតាំង និងការផ្ទេរភារកិច្ចថ្មីនេះ មិនមែនមានន័យថាមន្ត្រីទាំងនោះបានប្រព្រឹត្តខុសឆ្គង ឬខ្វះសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំនោះទេ ប៉ុន្តែការតែងតាំង និងការផ្ទេរភារកិច្ចថ្មីនេះធ្វើឡើងដើម្បីបណ្ដុះស្មារតី និងវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញមក បង្កើតពហុជំនាញ ជំរុញគំនិតផ្ដួចផ្ដើមថ្មីៗ ស្របតាមកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពក្នុងការបម្រើជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្ត ដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែសកម្ម ជាពិសេសត្រូវមានស្មារតីសហការគ្នា និងប្រកបដោយភាពទទួលខុសត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់សហការរៀបចំការបណ្តុះបណ្តាលផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីក្រសួងក៏ដូចជាគ្រប់ផ្នែកទាំងអស់មានធនធានមនុស្សគ្រប់គ្រាន់ និងអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងផ្តល់ហិរញ្ញប្បទានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណ១០០លានដុល្លារសហរដ្ឋអាមេរិក ដែលបានទទួលការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី និងពីវិស័យឯកជនប្រមាណ៤០០លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីស្តារនិងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន២២ខ្សែ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនាពេលកន្លង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ទីរនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រជួសជុលថែទាំផ្លូវឱ្យបានល្អ ដើម្បីទទួលក៏ដូចជាត្រៀមលក្ខណៈសម្រាប់ការប្រណាំងជិះកង់អន្តរជាតិលើកទី១ ដែលកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងប្រកួតកីឡានេះ ដោយគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២០ខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំផងដែរអំពីគម្រោងដែលត្រូវអនុវត្តមួយចំនួនរួមមាន៖ ការដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខកងទ័ពវីរៈ៤០២ និង៤០៣ គម្រោងរៀបចំកម្មវីធីផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោកនៅមុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ការប្រគល់មូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួង គម្រោងពង្រីកផ្លូវជាតិលេខ៤៨ គម្រោងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងរដូវភ្ជុំបិណ្ឌដោយឥតថ្លៃជាដើម ៕