ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ


ចេញពីភូមិព្រៃស្នួល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ…)។ បងស្រី ផ្លុង សុភាព (លេខទូរស័ព្ទទាក់ទង ០៩៦ ៣៤៧ ១០១៧) តំណាងកសិករដាំបន្លែបានឲ្យដឹងថាដោយទទួលបានបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជាកសិករ ៨៧គ្រួសារ (៥ភូមិ) បានចុះកិច្ចសន្យាផលិតបន្លែសុវត្ថិភាពជាមួយឈ្មួញកណ្តាលក្នុងស្រុកផលិតបន្លែសុវត្ថិភាព ដោយក្នុង១ថ្ងៃក្រុមនេះមានសមត្ថភាពផលិតបន្លែគ្រប់ប្រភេទបានចំនួន ៣០០-៥០០ គ.ក្រ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។ អ្នកប្រមូលទិញបានឲ្យដឹងថាបច្ចុប្បន្ននេះ បើគិតពីបន្លែស្រស់ផលិតផលបន្លែក្នុងស្រុកអាចផ្គត់ផ្គង់ឲ្យទីផ្សារបាន ៨០% ហើយមានតម្លៃលើសបន្លែនាំចូលប្រហែល ៣០% នេះគឺដោយសារអ្នកបរិភោគសព្វថ្ងៃយល់ដឹង និងគិតគូពីសុខភាព។ អ៊ំស្រីម្នាក់ក្នុងចំណោមអ្នកផលិតបានអួតប្រាប់លោករដ្ឋមន្ត្រីថាគ្រួសាររបស់អ៊ំស្រីទើបទិញរថយន្ត ១គ្រឿង ប្រាក់បានមកពីចំណូលលក់ត្រសក់ទ្រើងដែល ១ឆ្នាំដាំបាន ៤-៥ដង ក្នុង ១ដង អាចទទួលបានចំណូល ៤លានរៀល។ អ៊ំស្រីបានលើកដៃសំពះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានត្រួសត្រាយ ដឹកនាំប្រទេសប្រកប ដោយឧត្តមគតិគិតគូពីសុខទុក្ខ និងតម្កល់ប្រយោជន៍ប្រជាជនជាធំ។

ឯកឧត្ដមរដ្ឋមន្រ្តី និងឧកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះភាពជោគជ័យដែលកសិករភូមិពន្លឺសម្រេចបាន និងសូមឲ្យបន្តខិតខំថែមទៀតធ្វើយ៉ាងណាឲ្យកំណើនសេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរជាលំដាប់។ លោកសុំឲ្យមន្ទីរជួយរៀបចំចងក្រងសហគមន៍ផលិតបន្លែសុវត្ថិភាពពន្លឺ ដោយត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍រក្សាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព ទីផ្សារ តម្លៃ និងការបណ្តុះបណ្តាលបច្ចេកទេស ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ផងដែរ។
-(កម្មវិធីទី០៣:)