អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែរ ក្នុងក្រុង ដែលមិនមានផ្លូវចេញចូលជាច្រើនឆ្នាំមកហើយ


ប៉ៃលិន៖ ដោយមានការសំនូមពរពីប្រជាពលរដ្ឋ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការស្ថាប័នជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការស្ថាបនាផ្លូវបេតុង ១ខ្សែរ ប្រវែង ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ។

ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ១ខ្សែរនេះ បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានសម្រេចយ៉ាងឆាប់រហ័ស ក្នុងការស្ថាបនាផ្លូវនេះ។

សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែរ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាពេលនេះ គឺមាន ប្រវែង ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ សំណង់លូមូលអង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត។