ប្រជាពលរដ្ឋនៅភូមិចាំយាម ទទួលបាន ប័ណ្ណ កម្មសិទ្ធិ ដី ធ្លី ពី អាជ្ញាធរ


កោះកុង៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២,១១៣ប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លី នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា លោកស្រីពិតជាមានសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិចាំយាមដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទាំង ២,១១៣ ប័ណ្ណ ចាប់ពីពេលនេះតទៅបងប្អូនអាចមានសិទ្ធិ លើអចលនវត្ថុ អាចប្រើប្រាស់ និងអាចចាត់ចែង បានតាមតម្រូវការចាំបាច់ និងស្របតាមច្បាប់៕