ឯកឧត្តម វេង សាខុន អញ្ជើញចុះមកបំពេញបេសកកម្មមកកាន់ខេត្តតាកែវ និងខេត្តកំពត


ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី មកកាន់ខេត្តតាកែវ និងខេត្តកំពតរយ: ពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩។ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឯកឧត្តមរដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញទៅពិនិត្យការងារតាមកម្មវិធីដែលបានគ្រោងទុក ជាបន្តបន្ទាប់ដូចខាងក្រោម៖

-កម្មវិធីទី០១៖
ឯកឧត្តមរដ្ឋមន្រ្តី និងលោក ប៉ីល សុផល អភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គារបស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក ដែលចិញ្ចឹមក្នុងអាងផ្លាស្ទិច មានទីតាំងនៅភូមិព្រែក អំពិល ឃុំកោះតូច ស្រុកទឹកឈូ។ លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋានបានយក បច្ចេកវិទ្យាពីប្រទេសចិនក្នុងការសាងសង់ ការចិញ្ចឹម ផ្តល់ចំណី ការគ្រប់គ្រង ប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។ មានអាងចិញ្ចឹម ៣៤អាង ចិញ្ចឹមក្នុងរយ: ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី៣០-៣៥ក្បាលក្នុង ១គ.ក្រ ហើយទទួលបានតម្លៃពី៤-៥ពាន់រៀល/គ.ក្រ។ គិតមកត្រឹមបច្ចុប្បន្នក្រុមហ៊ុនបានបោះទុនវិនិយោគចំនួនជាង ១លានដុល្លារ ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខានៗសម្រាប់អភិវឌ្ឍកសិដ្ឋាន។ អាជីវកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលសាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម។ល។ នាពេលខាងមុខនេះ ក្រុមហ៊ុនមានផែនការពង្រីកការចិញ្ចឹម ក្នុងដំណាក់កាលបន្តបន្ទាប់ ចំនួន ៣២ រោង លើផ្ទៃដី៣២ ហត ស្ថិតនៅទល់មុខកសិដ្ឋាននាពេលបច្ចុប្វន្ននេះ។

ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមប្រកបដោយបច្ចេកវិទ្យាខ្ពស់កំពុងដំណើរការទៅដោយរលូនយ៉ាងដូច្នេះ ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត អត់សរសើរមិនបាន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញកំណើរភោគផលចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល។ ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម”។