ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលរបស់អ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) កម្ពុជា ឆ្នាំ២០១៩ នៅស្រុកទឹកផុស និងស្រុកកំពង់លែង


នាថ្ងៃសៅរ៍ ០៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកទឹកផុស និងស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់ក្រុមស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) កម្ពុជា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ខេត្ត ស្រុក ព្រមទាំងអ្នកស្ម័គ្រចិត្ត ICT លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងសិក្ខាកាមយ៉ាងច្រើនកុះករផងដែរ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះប្អូនៗស្ម័គ្រចិត្ត ICT ទាំង ៤៨នាក់ ក្នុងនោះ ២៤នាក់នៅស្រុកទឹកផុស និង ២៤នាក់នៅស្រុកកំពង់លែង ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យ។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលការណ៍ចម្បងនៃការបង្កើតឲ្យមានអ្នកស្ម័គ្រចិត្ត ICT នេះឡើង គឺដើម្បីបណ្ដុះបណ្ដាលវិស័យ ICT ក្នុងបេសកកម្មសំខាន់ៗចំនួន០៦ គឺ: (១)បង្កើតចំណងមិត្តភាពរវាងយុវជន (២)លើកទឹកចិត្តសិស្ស និងយុវជនក្នុងមូលដ្ឋានឲ្យស្រលាញ់ការសិស្សា (៣)លើកកំពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន (៤)កាត់បន្ថយគម្លាតចំណេះដឹងលើវិស័យបច្ចេកវិទ្យាព័ត៌មានរវាងទីក្រុង និងជនបទ (៥)លើកកំពស់ការចែករំលែកព័ត៌មាន និង(៦)ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា “សព្វថ្ងៃនេះ ICT បានដើរតួសំខាន់ខ្លាំងណាស់មិនត្រឹមតែចំពោះការទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ដោយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ICT ជាធាតុមួយដែលមិនអាចខ្វះបាននៅក្នុងគ្រប់វិស័យទាំងអស់ដូចជា វិស័យជំនួញ វិស័យទូរគមនាគមន៍ វិស័យអប់រំ វិស័យកសិកម្ម វិស័យសេដ្ឋកិច្ច ។ល។ ដូច្នេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តមន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់រៀនប្រើ ICT និងចេះប្រើបច្ចេកវិទ្យា ICT ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យបានកាន់តែប្រសើរ និងផលិតភាពការងារឱ្យបានច្រើន និងលឿនជាងមុន ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថានជាតិ NIPTICT បន្ត និងពង្រឹងសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជានេះ ឱ្យក្លាយជាកម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជាថ្នាក់ជាតិធំជាងគេតែមួយគត់ ដើម្បីមានលទ្ធភាពធ្វើសកម្មភាពនៅគ្រប់ឃុំដាច់ស្រយ៉ាលទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏សូមអំពាវនាវដល់ក្រុមហ៊ុនឯកជន និងអង្គភាពមូលនិធិនានាបន្តជួយឧបត្ថម្ភគាំទ្រកម្មវិធីនេះឲ្យបានសម្រេចគោលដៅផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាស ផ្តល់អាហាររូបករណ៍ពិសេស១០០% ក្នុងឆ្នាំសិក្សាថ្មីនេះជូនសិស្ស ៥នាក់នៅក្នុងស្រុកទឹកផុស និង ៥នាក់នៅក្នុងស្រុកកំពង់លែង ឱ្យប្រឡងចូលរៀនបរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិ NIPTICT ព្រមទាំងចែកអំណោយជាសម្ភារៈ និងសៀវភៅជូន ឃុំ សាលារៀន និងសិស្សនៃស្រុកទាំងពីរ៕