ឯកឧត្តម ប៊ុន ហ៊ាន បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកនៅតាមទីតាំងសំខាន់ៗ មួយចំនួន


នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកនៅតាមទីតាំងសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

១-ទំនប់អាងទឹកស្រែង១ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ។
២-ទំនប់អាងទឹក ក្សាក ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។
៣-ទំនប់អាងទឹកម្កាក់ ស្ថិតក្នុង ឃុំគោគធ្លកលើ ស្រុកជីក្រែង។

ជារួមស្ថានភាពទឹកជំនន់ ពុំមានបញ្ហាគួរអោយកត់សំគាល់ឡើយ។ ដោយឡែកផ្ទៃដីស្រូវរដូវវស្សានៅស្រុកពួកបាន រងផលប៉ះពាល់ប្រមាណ ៥០០០ ហិកតា ដោយសារបរិមាណទឹកភ្លៀងក្នុងឆ្នាំ២០១៩ មានចំនួន ៤៦០,៨មម តិចជាងឆ្នាំ២០១៨ ចំនួន ៥០៨មម និងពុំមានប្រព័ន្ធប្រឡាយគ្រប់គ្រាន់សម្រាប់សង្គ្រោះស្រូវ។

ក្រុមការងារ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ ឲ្យបន្តយកចិត្តទុកដាក់​ ​តាមដានស្ថានភាពទឹក និងគ្រប់គ្រងទឹកព្រមទាំងត្រៀមឧបករណ៍ សំភារៈផ្សេងៗ សម្រាប់ជួយសង្គ្រោះស្រូវចុងរដូវវស្សា និងសម្រាប់បន្តប្រើប្រាស់នៅរដូវប្រាំងនាពេលមុខ។