ការពិនិត្យ និងវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃត្រូវបានដំណើរចាប់ពីថ្ងៃទី ០៧ ដល់ ០៩ ខែកញ្ញា ឆ្នាំ២០១៩នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប


ព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានរៀបចំពិធីបើកការពិនិត្យ និងវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ហ្សូ ហុង (Zhou Hong)តំណាងឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិនមកពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ការពិនិត្យ និងវះកាត់នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៧ ដល់ ០៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិនមកពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ដូចនេះ សូមបងប្អូនដែលមានជម្ងឺខាងលើសូមទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះដែរ អាជ្ញាខេត្តសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិនមកពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានចំណាយទាំងពេលវេលា និងសម្ភារផ្ទាល់ខ្លួនមកជួយដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋក៏បានថ្លែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិនមកពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានមកព្យាបាលជម្ងឺដោយឥតគិតថ្លៃដល់ពួកគាត់ ជាពិសេស អាជ្ញាធរខេត្តដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយនាំគ្រូពេទ្យចំណានៗ មកព្យាបាលជម្ងឺដល់ពួកគាត់៕