យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងសៀមរាប ខេត្តសៀមរាប


កាលពីព្រឹក ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន លោកប្រធានកាកបាទក្រហមប្រចាំខេត្តសៀមរាប កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងក្រុមអ្នកសារព័ត៌មាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងអមដំណើរដោយ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ត្រី ពាក់ព័ន្ធជាច្រើនរូប។

យុទ្ធនាការនាពេលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ ៦។

ជាលទ្ធផលនៃយុទ្ធនាការ គឺបានចែកសម្ភារ និងឯកសារមួយចំនួនដូចខាងក្រោម៖

១.មួកសុវត្ថិភាព ចំនួន៨០មួក (មួកសុវត្ថិភាពសម្រាប់កុមារ ចំនួន ៣០មួក)

២.សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២០០ក្បាល

៣.សីលធម៌ ១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ៥០០សន្លឹក

៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៦០០សន្លឹក

៥.ប្រតិទិនអំពីផ្លាកសញ្ញាចរាចរណ៍ ចំនួន ២ក្បាល

៦.ផ្ទាំងរូបភាព សុវត្ថិភាពសម្រាប់ថ្មើរជើង ចំនួន ១០ផ្ទាំង

៧.ផ្ទាំងរូបភាព ផ្លាកសញ្ញាសំខាន់ៗ ចំនួន ១០សន្លឹក

៨.ផ្ទាំងរូបភាព ការកំណត់ទំហំ និងប្រវែងយានយន្ត ចំនួន ១០ សន្លឹក

៩.ខិតបណ្ណគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និង អ្នកដទៃ ចំនួន ៣០០សន្លឹក

១០.កាតសុវត្ថិភាព ចំនួន ៥០០សន្លឹក

១១.ស្ទីកឃ័រចំណាំងផ្លាត ចំនួន ៥០០សន្លឹក

១២.ស្ទីកឃ័រចំណាំងផ្លាត (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) ចំនួន ២០សន្លឹក៕