ក្រុងកំពង់ចាមរងការគំរាមពីជំនន់ទឹកទន្លេមេគង្គ, ឯកឧត្តម គន់ គីម និងអភិបាលខេត្ត ចុះចាត់ចែងបូបទឹកបញ្ចៀសការជន់លិច


(កំពង់ចាម)៖ ជំនន់ទឹកទន្លេមេគង្គនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជន់ឡើងរហូតហូរចូលក្រុងកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះរកដំណោះស្រាយមួយចំនួន ដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងកំពង់ចាម។

ទីបំផុតទៅឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធបានសម្រេចទប់នៅតាមកន្លែងដែលទឹកហូរចូលក្រុង និងដាក់ម៉ាស៊ីនបូមទឹកចេញពីក្រុងផងដែរ។ លោក គន់ គីម បានប្រាប់អង្គភាពព័ត៌មានរហូតមកដល់ព្រលប់ថ្ងៃដដែលកម្រិតទឹកបាននៅត្រឹង ហើយទឹកក៏មិនបានលិចក្នុងក្រុងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់ចែងមន្ត្រីជួយអន្តរាគមន៍ភ្លាមៗជួយបូមទឹកចេញពីក្នុងក្រុងបញ្ចៀសការជន់លិច៕