ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង ជំនាញការ ADB ចុះពិនិត្យក្នុងតំបន់ មានសក្តានុពលសម្រាប់អនុវត្តគម្រោង ADB MFF


ក្នុងថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង ជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានធ្វើការចុះពិនិត្យក្នុងតំបន់ មានសក្តានុពលសម្រាប់អនុវត្តគម្រោង ADB MFF ដែលរួមមានដូចតទៅ ៖

១.ប្រព័ន្ធធារាសាស្រ្តទំនប់អាងសន្ត្រែ ក្នុងស្រុកភ្នំក្រវាញ ប្រភពទឹកនៃប្រព័ន្ធធារាសាស្រ្តនេះគឺស្ទឹងព្រៃក្លុង ផ្ទៃរងទឹកភ្លៀងពីតំបន់ភ្នំក្រវាញទាំងមូលដែលជាទឹករស់ប្រភពទឹកដើមផ្នែកខាងលើស្ទឹងពោធិ៍សាត់។ ពេលធ្វើរួចប្រព័ន្ធធារាសាស្រ្តនេះនឹងឲ្យមានទឹករស់ទាំងនៅក្នុងរដូវវស្សា និងនៅក្នុងរដូវប្រាំងសម្រាប់បម្រេីឲ្យគ្រប់វិស័យទាំងអស់ សម្រាប់ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ទាំងមូលតែម្តង។

២. ប្រព័ន្ធធារាសាស្រ្តអូតាប៉ោងតាណៃ ក្នុងស្រុកបាកាន។ ប្រព័ន្ធនេះសំខាន់ណាស់ ព្រោះមានប្រឡាយមេជាស្ទឹងអូរតាប៉ោងតែម្តង ដែលមានប្រវែង ៣៧ គម ដល់ ឃុំអ្នកតាទ្វារ ជាប់នឹងតំបន់ ៣ ពេលធ្វើរួចនឹងស្ទុាក់ទឹកបានរាប់រយលានមែត្រត្រីគុណ ជួយសេរ៉េទឹកស្ទឹងពោធិ៍សាត់ដើម្បីកុំឲ្យធ្ងន់សំណង់ដំណាក់អំពិល និងសំណង់ចារឹក នឹងជួយដោះទឹកឲបានកាន់តែនលឿនបញ្ជៀសបានជំនន់ក្នុងក្រុងពោធិ៍សាត់បានគ្រប់ពេលទាំងអស់។ ហើយនឹងភ្ជាប់គ្នានឹងស្ទឹងស្វាយដូនកែវ ត្រង់តំបន់អ្នកតាទ្វារ ធ្វើឲ្យទឹកក្លាយជាទឹករស់ធ្វើការផ្គត់ផ្គង់បានគ្រប់រដូវកាលទាំងអស់សម្រាប់បម្រេីឲ្យគ្រប់វិស័យ។

ប្រព័ន្ធធារាសាស្រ្តសន្ត្រែ និងប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ជាប្រព័ន្ធធារាសាស្រ្តធំ២ របស់ខេត្តពោធិ៍សាត់ ធ្វើការស្រោចស្រព្វបានជាច្រើន មុឺនហិកតា និងបម្រេីឲ្យគ្រប់វិស័យទាំងអស់របស់ខេត្ត។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំធ្វើការសិក្សាលើអនុគម្រោងនៃប្រព័ន្ធធារាសាស្រ្ត ទាំង២ ខាងលើ ដោយផ្ទាល់ និងបានបញ្ចប់សព្វគ្រប់ក្នុងអំឡុងពេលជាយ៉ូរមកហើយ និងបានចំណាយពេលជាច្រើនឆ្នាំដើម្បីរងចាំឪកាសកិច្ចអភិវឌ្ឍន៍មកដល់។

យោងតាមបុព្វហេតុខាងលើនេះហើយទើប ឯកឧត្តមអនុរដ្ឋលេខាធិការ ធ្វើការដឹកនាំ ក្រុមការងារក្រសួង មន្ទីរ និង ADB ចុះធ្វើការសិក្សាជាបន្ទាន់ដើម្បីដាក់ជូនគម្រោង ADB-MFF។