ឧត្តម សុខ ឥសានថា ព្រះមហាក្សត្រមិនចាប់ព្រះរាជហទ័យលើសំណើររបស់ក្រុមអង្គការសង្គមស៊ីវិល ព្រោះសំណើរទាំងនោះ ឥតប្រយោជន៍ឡើយសម្រាប់ជាតិ


ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា មិនចាប់ព្រះរាជហទ័យ លើសំណើរ របស់ក្រុមអង្គការសង្គមស៊ីវិល ព្រោះសំណើរទាំងនោះ ឥតប្រយោជន៍ឡើយសម្រាប់ជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

សំណើរដែលឯកឧត្តម សុខ ឥសានថា ព្រះមហាក្សត្រមិនចាប់ព្រះរាជហទ័យនោះ ដោយសារក្រុមអង្គការសង្គមស៊ីវិល បានស្នើសុំព្រះរាជកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រសិនបើសហភាពអឺរ៉ុប (EU) កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA) និងGSPរបស់អាមេរិក ។

កាលពីថ្ងៃទី៤ កញ្ញា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងសហជីព៣ផ្សេងទៀតបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីបានស្នើសុំព្រះរាជកិច្ចអន្តរាគមន៍ ក្នុងករណីសហភាពអឺរ៉ុប កាត់ផ្តាច់EBA និងGSP ចាប់តាំងពី លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌ និងការរំលាយគណបក្សសង្គ្រោះជាតិ កាលចុងពីឆ្នាំ២០១៧ ។

លិខិតបន្តថា ដោយសារនៅតែមានក្តីកង្វល់ បើសិនករ EBA និង GSP នឹងត្រូវបានកាត់ផ្តាច់ដោយសារក្រុមអ្នកនយោបាយ មិនព្រមបន្ទន់ឥរិយាបថរកគ្នា និងមិនព្រមស្វែង រកដំណោះស្រាយ បញ្ហាជាតិរួមគ្នាមែននោះ កម្មករខ្មែរជាង ៧០ ម៉ឺននាក់ នឹងត្រូវប្រឈមការបាត់បង់ការងារ ហើយពលរដ្ឋរាប់លាននាក់ទៀត នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិនយោបាយនេះ រួមទាំងអាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក អ្នករត់ឡានឈ្នួល និងញាតិមិត្តរបស់ក្រុមកម្មករផង។ ពេលនោះរាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះមុខជាតិពលរដ្ឋ និងប្រវត្តិសាស្ត្រខ្មែរ ។

លិខិតបញ្ជាក់ថា “ដូចបានទូលថ្វាយខាងលើ ទូលព្រះបង្គំយើខ្ញុំ សូមយាងព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ប្រើបុព្វសិទ្ធិពិសេស ធ្វើជាព្រះរាជអធិបតីអង្គប្រជុំ ជួយសម្របសម្រួលអ្នកនយោបាយទាំងភាគីគណបក្សប្រជាជនកម្ពុជា និងភាគីគណបក្សសង្គ្រោះជាតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពរបស់កម្ពុជាឡើងវិញប្រកបដោយព្រះតម្រិះដ៏ខ្ពង់ខ្ពស់” ។

សូមបញ្ជាក់ថា គណៈកម្មការសហភាពអឺរ៉ុប(EU)បានក្រើនរំលឹកឲ្យអាជ្ញាធរកម្ពុជា កែលម្អលើបញ្ហាសិទ្ធិមនុស្ស និងផ្នែកការងារដើម្បីបញ្ចៀស ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ក្រោយពីមន្រ្តី EU បំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះ ខណៈអាមេរិកក៏បានគំរាមកាត់ផ្តាច់ការអនុគ្រោះពន្ធ (GSP) ផងដែរ៕