រដ្ឋមន្ត្រី អ៉ិត សំហេង ទទួលគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តម» ពីសហព័ន្ធវិស្វកម្មអាស៊ាន


(ឥណ្ឌូនេស៉ី)៖ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានគោរព ប្រគល់ជូន លោក អុិត សំហេង នាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងលោកជាឥស្សរជនជាន់ខ្ពស់ ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជា។

ពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អុិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) ក្រោមវត្តមានអញ្ជើញចូលរួមបើកដោយ លោក Joko Widodo ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៉ី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

ក្នុងឱកាសនោះ លោកប្រធានាធិបតី ក៏ទទួលបានគោរមងារ «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ផងដែរ៕