អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងលោក ហាក់ ឡេង ជាអភិបាលស្រុកបូទុមសាគរ ជំនួសលោក ទូ សាវុធ ដែលបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្តកោះកុង និងតែងតាំង លោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបូទុមសាគរ


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងលោក ហាក់ ឡេង ជាអភិបាលស្រុកបូទុមសាគរ ជំនួសលោក ទូ សាវុធ ដែលបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្តកោះកុង និងតែងតាំង លោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបូទុមសាគរ

មានប្រសាសន៍ក្នុងពីធីតែងតាំងនេះ លោកជំទាវ មិថុនា ភូថង បានណែនាំដល់អភិបាល និងអភិបាលរងថ្មី នៃស្រុកបូទុមសាគរ ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ។

ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកជំទាវអភិបាលខេត្ត ក៏សង្កត់ធ្ងន់ដែរថា អភិបាលស្រុក និងអភិបាលរងស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

ចំណែកឯលោក ហាក់ ឡេង អភិបាលស្រុក និងលោក ក្រូច បូរីសីហា អភិបាលរងថ្មីស្រុកបូទុមសាគរ បានទទួលយកនូវអនុសាសន៍ របស់លោកជំទាវអភិបាល និងប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វីដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកនឹងបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ។