ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងក្រុងកំពង់ចាម


(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់នៅជុំវិញក្រុងកំពង់ចាម ដើម្បីទប់ស្កាត់គ្រោះថ្នាក់ណាមួយ ដែលកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ ខែកញ្ញានេះ កម្ពស់ទឹកក្នុងខេត្តកំពង់ចាម មិនឡើងមិនចុះ គឺស្ថិតក្នុងកម្ពស់១៥.៧៥ម៉ែត្រ ស្មើនឹងកម្ពស់កាលពីវេលាម៉ោង៦ព្រឹកថ្ងៃដដែលនេះ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានត្រៀមម៉ាស៊ីនបូមទឹក នៅចំណុចជិតស្ពានគីសូណាមួយកន្លែង និងនៅមាត់ទន្លេជិតផ្សារថ្មគោល ក្នុងសង្កាត់បឹងកុកមួយកន្លែង ដើម្បីត្រៀមលក្ខណៈបូមទឹកចេញពីក្រុង នៅពេលមានទឹកជំនន់ជន់ហូរចូលផងដែរ៕