ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបើកប្រាក់បៀវត្ស សម្រាប់ខែកញ្ញាសរុបតែមួយលើក និងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងមន្ត្រីចូលនិវត្តន៍នៅទូទាំងប្រទេស ក្នុងសប្តាហ៍ទីពីរនៃខែកញ្ញាតែម្តង។
ការសម្រេចបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្តិភាព។
តាមសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន ទទួលបាន បង្ហាញថា ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ព.ស.២៥៦៣នេះ រាជរដ្ឋាភិបាលបានសម្រេចបើកប្រាក់បៀវត្ស សម្រាប់ខែកញ្ញាសរុបតែមួយលើក ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងមន្ត្រីចូលនិវត្តន៍ ក្នុងសប្តាហ៍ទីពីរ នៃខែកញ្ញា។
ក្រៅពីនោះ ក្នុងកិច្ចប្រជុំនេះ សម្តេចក៏បានសម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញបន្តផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុង និងកាណូតសាធារណៈ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំបន្ថែមទៀត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ និងកម្មករ កម្មការិនីផងដែរ៕