រដ្ឋមន្រ្តីកសិកម្ម ប្រគល់ទូកម៉ាស៊ីនចំនួន១០០គ្រឿង ចែកជូនប្រជាសហគមន៍នេសាទចំនួន៥០មកពីខេត្តស្ទឹងត្រែង និងក្រចេះ


(ក្រចេះ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត រួមជាមួយលោក ជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន១០០គ្រឿង ចែកជូនប្រជាសហគមន៍នេសាទចំនួន៥០ ដែលអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ ពិធីនេះ បានប្រារព្ធនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

 ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនអង្គពិធីជ្រាបថា វិស័យជលផលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋ។ ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាល បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣» ក្នុងនោះ សមាសភាគទី១ របស់គម្រោងគឺផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។

ឱកាសនេះ ឯកឧត្តម ក៏បានរំលេចពីលទ្ធផលដែលគម្រោង សម្រេចបាននាពេលកន្លងមក ជាក់ស្តែងការចែកទូកម៉ាស៊ីននាថ្ងៃនេះ គឺជាសក្ខីភាព ក្នុងនោះទូកម៉ាស៊ីនចំនួន៥០គ្រឿង សម្រាប់សហគមន៍នេសាទចំនួន២៥ ក្នុងខេត្តក្រចេះ និង៥០គ្រឿងទៀត ផ្តល់ជូនសហគមន៍នេសាទចំនួន២៥ ក្នុងខេត្តស្ទឹងត្រែង។ លើសពីនេះ សហគមន៍នេសាទ នឹងទទួលបានសម្ភារមួយឈុត និងថវិកាមួយចំនួនទៀត សម្រាប់ចំណាយលើប្រតិបត្តិការងាររបស់ខ្លួន ឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។

 ឯកឧត្តម ខាន់ សំបាន ក៏បានស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីស្ថានភាព ភូមិសាស្រ្តរដ្ឋបាល ការងារបង្កបង្កើនផល សន្តិសុខ សណ្តាប់ធ្នាប់សង្គម សក្តានុពលនៃវិស័យ កសិកម្មសម្រាប់ធ្វើការអភិវឌ្ឍ ស្ថានភាពការវិនិយោគ ជីវភាពរបស់ប្រជាជន ការរីកចម្រើនលើគ្រប់វិស័យ និងជាពិសេសស្ថានភាពទឹកជំនន់ នាពេលបច្ចុប្បន្នដែលខេត្តក្រចេះកំពុងជួបប្រទះ។

ថ្លែងសំណេះសំណាល ជាមួយប្រជាសហគមន៍នេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរសាទរ ជាមួយប្រជាសហគមន៍ ដែលទទួលបានទូកម៉ាស៊ីននាថ្ងៃនេះ។ តាមរយៈអំណោយនេះ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះធនាគារពិភពលោក ដែលបានជួយឧបត្ថម្ភទូកម៉ាស៊ីននេះ តាមរយៈគម្រោងដូចដែល លោកប្រតិភូរៀបរាប់ជូនខាងលើ។

 ឯកឧត្តមបានបន្តទៀតថា ធនាគារពិភពលោក បានជួយឧបត្ថម្ភ ផ្តល់ការគាំទ្ររាជរដ្ឋាភិ បាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍកម្ពុជា ចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាព ពេញលេញលទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា WB នឹងចូលរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ សំដៅប្រែក្លាយប្រទេសនេះ ឲ្យទៅជាប្រទេសមួយមានភាពជឿនលឿន ប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

 ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា សមិទ្ធផលរបស់គម្រោង ដែលសម្រេចបាននាថ្ងៃនេះ ប្រាកដជាបានមកដោយការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ សហការពេញលេញរបស់ម្ចាស់ជំនួយ រដ្ឋបាលជលផល មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងក្តីសង្ឃឹមទាញយកប្រយោជន៍ ជាអតិបរមាជូនដល់សហគមន៍នេសាទគោលដៅ។ ស្របពេលដែលបងប្អូន ទទួលបានជំនួយជាមធ្យោបាយផ្លូវទឹក យើងកំពុងតែប្រឈបបញ្ហាគ្រោះធម្មជាតិទឹកជំនន់លិចភូមិឋាន ផ្ទះសំបែង ស្រែចំការ សព្វពាហនៈ និងជាពិសេសសកម្មភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន។

ស្ថិតក្នុងស្ថានភាពដ៏លំបាកជាក់ស្តែង ដែលយើងបានឃើញនាពេលនេះ ក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ និងខ្លួនលោកផ្ទាល់ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចែករំលែកសមាន ទុក្ខលំបាកនេះ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។ សម្តេចបានលើកទឹកចិត្ត ឲ្យបងប្អូនខិតខំតស៊ូជំនះគ្រប់ឧបសគ្គ ដើម្បីឆ្លងផុត ឬដោះស្រាយបញ្ហានេះបានរលូន និងល្អប្រសើរ។

ទាក់ទងគម្រោងខាងលើ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីអនុវត្តគម្រោង ទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ដើម្បីអនុវត្តគម្រោងកម្មវិធីនេះ ឲ្យរលូនប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ទទួលខុស ត្រូវខ្ពស់ឲ្យសម្រេចបានជោគជ័យ ទៅតាមការរំពឹងទុក៕