ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅក្រុម៨ ក្រុម៤ និងក្រុម៥ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ទទួលបានផ្លូវបេតុងសរសៃដែក១ខ្សែ ផ្លូវបេតុងគ្មានសរសៃដែក២ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត ដើម្បីមានភាពងាយស្រួលធ្វើដំណើរ និងរំដោះការលិចលង់។
ក្នុងពិធីប្រកាសបើកការដ្ឋាននេះ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ចំនួន២៦២,១៧៣,០០០រៀល មិនមែនជាចំនួនតិចតួចទេ និងត្រូវយកមកបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ក្នុងនោះជួសជុលផ្លូវបេតុងសរសៃដែក ចំនួន១ខ្សែប្រវែង ៣២៨ម៉ែត្រ ទទឹង៥,៥០ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងក្រុមទី៨ ភូមិខ១ និងភូមិខ២ និងផ្លូវបេតុងគ្មានសរសៃដែក ប្រវែង៩០ម៉ែត្រ ទទឹង២,១៨ម៉ែត្រ កម្រាស់០,១២ម៉ែត្រ ស្ថិតនៅក្រុមទី៥ ភូមិខ១ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ។
លើសពីនេះ នៅក្នុងក្រុមទី៤ ភូមិខ២ ក៏ចាប់ផ្ដើមជួសជុលផ្លូវបេតុងគ្មានសរសៃដែក ចំនួន១ខ្សែទៀត ដែលមានប្រវែង១៥១ម៉ែត្រ ទទឹង២.១៨ម៉ែត្រ កម្រាស់០.១២ម៉ែត្រ និងប្រព័ន្ធលូប្រវែង១៧៩ម៉ែត្រ ទទឹង០,៥០ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះការលិចលង់ ពោលមន្ត្រីមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប៉ុន្តែមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ ស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕