លោកជំទាវ ម៉ែន សំអន៖ កម្ពុជាបានក្លាយជាប្រទេសសមាជិក ដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារជាផ្លូវការហើយ


ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសជាផ្លូវការថា កម្ពុជាបានក្លាយខ្លួនជាសមាជិកនៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នៅចំពោះមុខវត្តមានរបស់អ្នក ពាក់ព័ន្ធសំខាន់ៗ និងបង្ហាញអំពីការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់កម្ពុជា ក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។ នេះជាការប្រកាសរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីមកពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមន្រ្តីថ្នាក់ដឹកនាំ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានប្រកាសឲ្យដឹងថា កម្ពុជាបានចូលជាប្រទេសសមាជិកដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ រៀបចំធ្វើនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

បន្ថែមពីលើនេះ លោកជំទាវ ម៉ែន សំអន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសិក្សាស្វែងរកទឡ្ហីករណ៍ និងស្វែងយល់អំពីប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ រហូតទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ឱ្យប្រទេសកម្ពុជាចូលជាសមាជិក និងឈានដល់ការប្រកាសជាផ្លូវការនាពេលនេះ។

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថា សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរបស់កុមារកម្ពុជាត្រូវបានលើកកម្ពស់ និងត្រូវបានការពារដោយយកចិត្តទុកដាក់។ រាជរដ្ឋាភិបាល បានផ្តល់សច្ចាប័នលើអនុសញ្ញាពិធីសារបន្ថែម និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ។ ច្បាប់អន្តរជាតិ និងលិខិតបទដ្ឋាននានា ដែលមានចែង គឺស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារគឺ ៖ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។

ថ្លែងនៅក្នុងពិធីប្រកាសនោះដែរ ឯកឧត្តម វង សូត បានលើកឡើងថា ការចូលជាសមាជិកនៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើ ហិង្សាលើកុមារ គឺជាការបោះជំហានថ្មីមួយទៀតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដ៏ទៃទៀត ក្នុងសកល លោក ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អំពើហិង្សាលើ កុមារនិងអំពើរំលោភ បំពានផ្សេងៗមកលើកុមារ។

ឯកឧត្តម វង សូត បន្ថែមថា ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារ បានរៀបចំឡើងស្របតាមចក្ខុវិស័យ នៃចលនាសកលដើម្បីបញ្ចប់ អំពើហិង្សាលើកុមារ គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) និងភាព ជាដៃគូសកល (Global Partnership) យុទ្ធសាស្ត្រចំនួន ៧ ដើម្បី បញ្ចប់អំពើហិង្សាលើកុមារ (INSPIRE) និងការប្តេជ្ញាចិត្តរបស់ប្រទេស ជាសមាជិកអាស៊ានលើការលុបបំបាត់អំពើហិង្សាលើកុមារ។

គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសឈានមុខគេ ក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើ ហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារបាន ជួបប្រទះ និងកំពុងជួបបញ្ហាប្រឈម។ ប្រទេសកម្ពុជា ក៏ជាប្រទេសទី៤ ក្នុងតំបន់ ដែលបានក្លាយជាប្រទេសនាំមុខដែលបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់ អំពើហិង្សាលើកុមារ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសម៉ុងហ្គោលី៕