ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោកបណ្ឌិត Harry Hwang នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត Harry Hwang ស្ថាបនិកសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ បានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសកម្មភាពការងាររបស់សហព័ន្ធ ជាពិសេសពាក់ព័ន្ធនឹងការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ សកម្មភាពសប្បុរសធម៌ និងការងារអប់រំបណ្តុះបណ្តាលកុមារតូចនៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានគោរពរាយការណ៍ជូនអំពីគោលបំណងនៃការនាំចូលផលិតផល Gysump ដែលជាវត្ថុធាតុស៊ីម៉ង់ សម្រាប់ការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធសំណង់ផ្សេងៗ និងមិនប៉ះពាល់ដល់បរិស្ថាន និងគម្រោងអាជីវកម្មលើវិស័យកីឡា ប្រណាំងកង់ និងប្រណាំងម៉ូតូទឹក ដើម្បីចូលរួមចំណែកជួយជំរុញឱ្យកម្ពុជាដំណើរការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានហ្គេម ឆ្នាំ២០២៣ ដែល ក្រុមហ៊ុន KSPO របស់កូរ៉េអាចផ្តល់ការគំាទ្រទាំងផ្នែកបច្ចេលទេស និងសម្ភារ។ ទន្ទឹមនឹងនេះ ក៏មានគម្រោងមួយចំនួនទៀតដូចជាគម្រោងអាជីវកម្មផលិតថាមពលស្អាត ដែលអាចការពារបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាជនដែលវិនិយោគដោយក្រុមហ៊ុនល្បីៗរបស់កូរ៉េ និងកម្មវិធីចលនាស្ម័គ្រចិត្តបរិស្ថាន និងសហគមន៍ស្អាត ដោយក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ សហការជាមួយយុវជនកម្ពុជា។ ជាចុងក្រោយ លោកបណ្ឌិត Harry Hwang ក៏បានស្នើសុំការអនុញ្ញាតគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ផ្តល់កិត្តិយសទៅធ្វើទស្សនកិច្ច និងចូលរួមវេទិការធុរកិច្ច នៅសាធារណរដ្ឋកូរ៉េក្នុង នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសកម្មភាព និងគម្រោងនានាដែលសហព័ន្ធសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា-កូរ៉េ មានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន នឹងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលផ្នែកធុរកិច្ចស្របតាមក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា ព្រមទាំងបង្កលក្ខណៈ ដើម្បីជំរុញសកម្មភាពកីឡា មនុស្សធម៌ និងស្ម័គ្រចិត្តឱ្យបានលេចចេញរូបរាងជាក់ស្តែង សម្រាប់ឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសយើងទាំងពីរ។