នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ លោក ប៊ុល ដែលលី អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អនុប្រធានមុខព្រួញចុះជួយខេត្តប៉ៃលិន សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តប៉ៃលិន ។ ស្ថានភាពជារួមក្រោយពេលដែលមន្ទីរចុះអន្តរាគមន៍បូមទឹក ដោយប្រើប្រាស់ម៉ាស៊ីនខ្នាតធំ ៦៥សេះចំនួន ០២គ្រឿង ជីកកូនប្រឡាយបញ្ជូនទឹកមួយខ្សែប្រវែង ១៤០០ម៉ែត្រ ព្រមទាំងបានជីកកូនប្រឡាយស្រោចស្រពសង្រ្គោះបន្ទាន់ ០៣ខ្សែដែលមានប្រវែងសរុប ៣៦៥០ម៉ែត្រ ស្រូវដែលប្រឈមនិងការខូចខាតចំនួន ១,៣១០ហិកតា ក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវសង្គ្រោះបានទាន់ពេលវេលាទាំងអស់ ។
សូមបញ្ជាក់ថានៅទូទាំងខេត្តប៉ៃលិន គិតដល់ត្រឹមថ្ងៃនេះភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួចនៅឡើយ ។