អភិបាល ខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកមន្រ្តីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវ


នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកមន្រ្តីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវ ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
គួរកត់សម្គាល់ថា មកដល់ពេលនេះ កំណាត់ផ្លូវជាតិ ៧១ C ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានទឹកជន់លិច ប្រវែងប្រមាណជា ២គម និងបង្កការលំបាក ដល់ការធ្វើចរាចរឆ្លងកាត់ របស់ប្រជាពលរដ្ឋយើង ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានបន្តដំណើរអញ្ជើញទៅពិនិត្យសកម្មភាព នៃការជួសជុសស្ពានស្រុត ១កន្លែង ស្ថិតនៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់មក បានពិនិត្យទីទួលសុវត្ថិភាព ១កន្លែង ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

គូសបញ្ជាក់ផងដែរថា មកដល់ពេល ក៏មានប្រជាពលរដ្ឋប្រមាណ ១២២គ្រួសារ បាននឹងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាពមួយនេះ ។ ជាមួយនោះដែរ ដើម្បី សម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រពន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព ផងដែរ ។