ក្រុមការងារយុវជនក្រៅប្រទេស តំណាងឯកឧត្តម ហ៊ុន ម៉ាណែត នាំយកអំណោយសប្បុរសធម៌របស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ជូនក្រុមគ្រួសារសព និងជនរងគ្រោះ ៨នាក់ក្នុងខេត្តកំពត


ខេត្តកំពត៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស តំណាងក្រុមការងារចំណុះបានពាំនាំនូវថវិកាសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងក្រុមការងារ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពជនរងគ្រោះ ចំនួន ៨នាក់ ក្នុងស្រុកដងទង់ និងកំពង់ត្រាច ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បាក់រលំអគារ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

ក្នុងកម្មវិធីនេះមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អភិបាលស្រុក សមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំភូមិ-ឃុំ សកម្មជនយុវជន ព្រមទាំងតំណាងក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋ ក្រុមការងារ សរុបចំនួន ៥០រូប៕