កម្មវិធី​ប្រឡង​ដំឡើង​ខ្សែ​ក្រវ៉ាត់​ខ្មៅ តៃក្វាន់ដូ សិស្សានុសិស្ស​វិទ្យាល័យ ហ៊ុន សែន ពាម​ជីកង​


កំពង់​ចាម៖ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ ហ៊ុន សែន ពាម​ជីកង ស្ថិត​ក្នុង​ស្រុក​កង​មាស ខេត្ត​កំពង់​ចាម ចំនួន​១៧​នាក់ ​ត្រូវ​បាន​​ដំឡើង​ខ្សែ​ក្រវ៉ាត់​ខ្មៅ​តៃក្វាន់ដូ បន្ទាប់​ពី​ឆ្លង​កាត់​​ការ​ហ្វឹកហាត់ និង​ការ​ប្រឡង​ជាមួយ​នឹង​សិស្សានុសិស្ស​ផ្សេង​ទៀត។ ​ការ​ហ្វឹកហាត់​​កីឡា​នេះ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​ប្អូន​ៗ ជៀស​វាង​ពី​រឿង​អបាយមុខ​ផ្សេង​ៗ​ដូចជា​គ្រឿងញៀន ជាដើម។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សរសើរ​ដល់​ប្អូន​ៗ សិស្សានុសិស្ស ដែល​​បាន​ខិតខំ​ឧស្សាហ៍​ព្យាយាម ក្នុង​ការ​ហាត់​កីឡា​តៃក្វាន់ដូ​នេះ ហើយ​ឯកឧត្ដម​បាន​លើក​ទឹក​ចិត្ត​ប្អូន ឱ្យ​ខិត​ខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត ដើម្បី​បន្ត​បង្រៀន​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ និង​លើក​ស្ទួយ​វិស័យ​កីឡា​តៃក្វាន់​ដូ​នេះ៕ ​

១៥ កញ្ញា ២០១៩ | ​វិទ្យាល័យ ហ៊ុន សែន ពាម​ជីកង