ប្រធានក្រុមការងារថ្នាក់ជាតិ ឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្រាប់សង់បង្គោលភ្លើង និងឧបត្ថម្ភថវិកាសម្រាប់ឱកាសបុណ្យកាន់បិណ្ឌនៅស្រុកស្រីសន្ធរ


(កំពង់ចាម)៖ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ នៅក្នុងបរិវេណវត្តបឹងទីង ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទីអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំយកអំណោយឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត សម្រាប់សាងសង់បង្គោលភ្លើងសម្រាប់វត្តបឹងទីង និងឧបត្ថម្ភថវិកាមួយចំនួនទៀត សម្រាប់រៀបចំបាយសម្លទៅវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌ។

លោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន KEP បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជា៖ ផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស ប៉ុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ដែលបានឧបត្ថម្ភការកសាងឡើងទាំងស្រុង។

លោកឧកញ៉ា ជា លាងហុង បានលើកឡើងអំពីបញ្ហាសុខភាព គឺជារឿងចាំបាច់ដោយត្រូវបរិភោគឲ្យបានត្រឹមត្រូវ ហូបទឹកដាំពុះ សំអាតបរិស្ថានជុំវិញផ្ទះ មានអនាម័យ គ្មានទឹកដក់ ឬជម្រកសត្វមូស ដែលជាប្រភព នៃជំងឺគ្រុនឈាមនិងគ្រុនចាញ់ រីឯស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារក ហើយត្រូវសម្រាលទារកនៅមណ្ឌល សុខភាពដែលនៅជិតបំផុត។

ឧកញ៉ា ឡូវ ហ៊ឹង បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាចុងក្រោយ ឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ ក៏ដូចជា នៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

អំណោយរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានថ្នាំពេទ្យ ១៥០០កញ្ចប់ ឧបត្ថម្ភថវិកា ១០០០ដុល្លារ សម្រាប់សាងសង់បង្គោលភ្លើងក្នុងវត្ត ឧបត្ថម្ភថវិកាអ្នកមានជំងឺ ០៩នាក់ ឧបត្ថម្ភថវិកាអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ០៦នាក់, លោកឧកញ៉ា ជា លាងហុង ឧបត្ថម្ភគ្រួសារស្រ្តីកូនខ្ចី ០២គ្រួសារ, លោក អ៊ែល សារ៉ុម និងលោក ឈួន វិឆ័យ បានចូលរួមឧបត្ថម្ភថវិកា មួយចំនួនដល់ប្រជាពលរដ្ឋចូលរួមកម្មប្រមាណ ៥០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ៕