សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី៤ នៅវត្តក្រពើហារក្រុងតាខ្មៅ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងលោកជំទាវ ព្រមទំាងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្រ្តីរាជការជាច្រើន បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទីក្រពើហារ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមគន្លងប្រពៃណីនិងសាសនា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យ ចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា ក្នុងវត្តក្រពើហា ដោយសទ្ធាជ្រះថ្លាជាទីបំផុត។

នៅក្នុងឱកាសនេះ សម្តេចបានឧទ្ទិសបួងសួងបុណ្យកុសលដែលកើតឡើងក្នុងបិណ្ឌ៤នេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធឧបាសក សំ ហែម សៅ យូ និងឧបាសិកា ហេង ស៊ឹម បិច ទូច ព្រមទាំងបុព្វការីជន វីរៈជនស្នេហាជាតិទំាងអស់ ដែលបានចែកឋានទៅហើយ សូមបានសោយសុខក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

និងសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី សូមជួយថែរក្សាអភិបាលប្រជាពលរដ្ឋទូទៅ ជួបតែសេចក្តីសុខ និងសេចក្ដីចម្រើន ប្រកបកិច្ចការងារអ្វីសម្រេចគ្រប់ភារកិច្ច។