សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៣ចំណុច ដល់រដ្ឋមន្ត្រីការងារ CLMTV ដើម្បីសម្រេចសេចក្តីថ្លែងការណ៍រួមសៀមរាប


(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍៣ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្រ្តីការងារ CLMTV ដើម្បីឈានទៅដល់ការសម្រេចនូវសេចក្តីថ្លែងការណ៍រួមសៀមរាប។

ការផ្តល់អនុសាសន៍របស់ សម្តេចតេជោ ហ៊ុ ន សែន បានធ្វើឡើងនៅក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV ដែលរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទទួលបន្ទុកវិស័យការងារ នៃប្រទេសទាំង៥ និងជាពិសេសតាមរយៈសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរ ដើម្បីឈានទៅបង្កើតនូវយន្តការដ៏មានប្រសិទ្ធភាពសម្រាប់គ្រប់គ្រង និងគាំពារពលករទេសន្តរប្រវេសន៍ ឱ្យកាន់តែប្រសើរឡើង នាពេលខាងមុខទៀត»

សម្តេចបានបន្តថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម” និងរំពឹងទុកថា សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារ នាពេលនេះ នឹងឈានដល់ការអនុម័តលើសេចក្តីថ្លែងការណ៍សៀមរាប ស្តីពីផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV»

សម្តេចបានបញ្ជាក់ថា «ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីផែនទីបង្ហាញផ្លូវនេះ ខ្ញុំសូមផ្តល់អនុសាសន៍ដូចខាងក្រោម៖

១៖ អង្គសន្និសីទទាំងមូល សូមធ្វើការពិភាក្សាដោយលឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់ អន្តរជាតិ និងភាពបត់បែនតាមបរិបទនៃប្រទេសនីមួយៗ ក្នុងគោលដៅឈានទៅដល់ការដាក់ចេញនូវផែនទី បង្ហាញផ្លូវដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV

២៖ អង្គសន្និសីទ សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក

៣៖ សូមបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅចំណោមប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្តប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍៕