ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៤៧១គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌រួមពីកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ


នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៤៧១គ្រួសារ មកពី ៥ឃុំ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ពិធីនេះប្រារព្ធឡើង ក្នុងបរិវេណវត្តថ្មគោល ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ក្រោមការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ព្រមទាំង ថ្នាក់ដឹកនាំខេត្ត មន្ទីរនានា ជុំវិញខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ជាមួយក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ នៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេស លោកតែងតែឆ្លើយតប និងជួយសង្គ្រោះ ចំពោះ គ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានសំណូមពរ ដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ពិសារទឹកដាំឆ្អិន ត្រូវមើលថែទាំចាស់ៗ ដែលស្តាប់ពុំសូវឮ មើលពុំសូវឃើញកុំឱ្យទៅក្បែរទឹក និងក្មេងតូចៗ កុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ចូរមានការប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយទឹកស្រកទៅវិញ។

ក្នុងឱកាសពិធីនោះដែរ ឯកឧត្តម យឹម ឆៃលី បានពាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នាពេលនេះ និងចូលរួមសោកស្តាយជាខ្លាំង ដែលបងប្អូនជនរួមជាតិទាំងអស់ កំពុងជួបប្រទះការលំបាក និងរងផលប៉ះពាល់ទ្រព្យសម្បត្តិ និងផលដំណាំអស់ជាច្រើនបែបនេះ ឃើញដូចនេះសម្តេចបានចាត់ឱ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រៀមជួយសង្គ្រោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាឱ្យបានជាអតិបរមា ។ ជាចុងក្រោយ ឯកឧត្តម សូមគោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទំនុកចិត្ត និងជឿជាក់ ចំពោះ ការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

សូមបន្ថែមដែរថា បន្ទាប់ពីសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់រួចមក ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងគណៈប្រតិភូ បានអញ្ជើញយកទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ នាឱកាសពិធីបុណ្យកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តថ្មគោលនោះ ដោយភ្ជាប់ជាមួយនូវអំណោយរួម ប្រគេនដល់ព្រះសង្ឃ មាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនហើយនោះ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំង ៤៧១គ្រួសារ ក៏ទទួលបាន អង្ករ ២៥គ.ក្រ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ ៕