ពិធីចែកស្រូវពូជជូនដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងឃុំចំនួន ១០ នៃស្រុកកំពង់ត្រាច


ព្រឹកថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាកសិករ ចំនួន ១.៤៧៣គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងឃុំចំនួន១០ (ឃុំកំពង់ត្រាចខាងលិច ឃុំដំណាក់កន្ទួតខាងត្បូង ឃុំប្រាសាទភ្នំខ្យង ឃុំស្វាយទងខាងជើង ឃុំដំណាក់កន្ទួតខាងជើង ឃុំកំពង់ត្រាចខាងលិច ឃុំអង្គសុរភី ឃុំឬស្សីស្រុកខាងកើត ឃុំព្រែកក្រឹស ឃុំបឹងសាលាខាងជើង) នៃស្រុកកំពង់ត្រាច ។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត នាយក នាយករងរដ្ឋបាល ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត មន្ត្រីរាជការស្រុកកំពង់ត្រាច ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណ ១.០០០នាក់។

សម្រាប់ស្រូវពូជដែលចែកជូននាពេលនេះគឺ គ្រួសារដែលប៉ះពាល់ក្រោមកន្លះហិកតា ទទួលបានស្រូវពូជ ៥០គ.ក និងគ្រួសារដែលមានផ្ទៃដីប៉ះពាល់លើសកន្លះហិកតា ទទួលបានស្រូវពូជចំនួន ១០០គ.ក។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦នេះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងគ្រោះទឹកជំនន់កន្លងនេះ ដោយសម្តេចបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្រ្គោះប្រជាជន ធ្វើយ៉ាងណាកុំឲ្យបងប្អូនរងគ្រោះដោយសារទឹកជំនន់។ ឯកឧត្តម ក៏បានបន្តណែនាំដល់ បងប្អូនប្រជាកសិករដែលទទួលបានស្រូវពូជនាពេលនេះ ត្រូវប្រញាប់ប្រញាល់យកទៅសាបព្រួសឡើងវិញ ព្រោះដំណាំស្រូវគឺជាដំណាំដែលប្រើប្រាស់ពេលវេលាស្របពេលដែលមានទឹកអាចឲ្យយើងដំណើរការបាន ហើយត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឲ្យប្រសើរឡើង៕